អង្គការសហប្រជាជាតិថា ការបោះឆ្នោតដែលធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាគ្រប់គ្រងដោយយោធានៅខែក្រោយមិនអាចមានភាពសេរី ឬយុត្តិធម៌នោះទេ

ហ្សឺណែវ៖ អង្គការសហប្រជាជាតិបានទទូចថា ការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធានៅខែក្រោយមិនអាចមានភាពសេរី ឬយុត្តិធម៌នោះទេ។
យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដែលបង្កឱ្យមានសង្គ្រាមស៊ីវិល ប៉ុន្តែកំពុងប្រកាសថាការបោះឆ្នោតជាឱកាសសម្រាប់ការផ្សះផ្សា។
របបយោធា ដែល កំពុង កាន់ អំណាច បានប្រកាស ថា ការ បោះឆ្នោត ដែល គ្រោង នឹង ចាប់ផ្តើម នៅ ថ្ងៃទី២៨ ខែធ្នូខាងមុខ គឺជា មាគ៌ា ឆ្ពោះទៅរក សន្តិភាព។ ប៉ុន្តែ ការ បោះឆ្នោត នេះ នឹង ត្រូវ បាន រារាំង ពី តំបន់ ដែល កាន់កាប់ ដោយ ក្រុមប្រដាប់អាវុធជនជាតិភាគតិច ស្របពេលដែល អ្នក ឃ្លាំមើល អះអាងថាការបោះឆ្នោតនេះ គ្រាន់ ជា ល្បិច មួយ ដើម្បី បិទបាំង ការគ្រប់គ្រង របស់ យោធា ដែល កំពុង បន្ត។
ការបោះឆ្នោតដែលគ្រប់គ្រងដោយយោធានេះនឹងត្រូវបានធ្វើឡើងនៅក្នុងបរិយាកាសដែលពោរពេញដោយការគំរាមកំហែង និងអំពើហិង្សា ដែលធ្វើឱ្យជីវិតរបស់ជនស៊ីវិលស្ថិតក្នុងហានិភ័យ។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក ជេរេមី ឡូរិនស៍ បានប្រាប់អ្នកយកព័ត៌មានបែបនេះនៅទីក្រុងហ្សឺណែវ។
លោកបានបន្ថែមថា ភាពអសន្តិសុខកាន់តែខ្លាំងឡើង និងកង្វះវិធានការដើម្បីការពារជនស៊ីវិល បង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់អ្នកបោះឆ្នោតដែលស្ម័គ្រចិត្ត ឬត្រូវបានបង្ខំឱ្យចូលរួម។
លោក ឡូរិនស៍ បានចង្អុលបង្ហាញថា ការបោះឆ្នោតនេះកំពុងប្រព្រឹត្តទៅ ទោះបីជាយោធាកំពុងបង្ក្រាបក្រុមប្រឆាំងយ៉ាងសកម្មក៏ដោយ។ លោកបានបន្ថែមថា គណបក្សនយោបាយធំៗជាច្រើនត្រូវបានដកចេញ។ ក្នុងពេលជាមួយគ្នានេះ លោកបានព្រមានថា យោធាបានបង្កើនការឃ្លាំមើលតាមប្រព័ន្ធអេឡិចត្រូនិកទ្រង់ទ្រាយធំ ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រឆាំង ហើយមានការភ័យខ្លាចថា វានឹងត្រូវបានប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោត។ ទន្ទឹមនឹងនោះ ក្រុមសិទ្ធិមនុស្សបាននិយាយថា ការបោះឆ្នោតនេះមិនអាចស្របច្បាប់បានទេ ដោយមេដឹកនាំប្រជាធិបតេយ្យ អ៊ុងសាន ស៊ូជី ត្រូវបានទម្លាក់ចេញពីតំណែង និងជាប់ពន្ធនាគារនៅក្នុងរដ្ឋប្រហារ ហើយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដ៏ពេញនិយមយ៉ាងខ្លាំងរបស់លោកស្រី ត្រូវបានរំលាយចោល។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ លោកបានចង្អុលបង្ហាញពីរបៀបដែលយោធាបានប្រើការឃ្លាំមើលតាមប្រព័ន្ធអេឡិចត្រូនិកយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដោយប្រើប្រាស់ការតាមដានជីវមាត្រ AI។ លោកបង្ហាញក្ដីបារម្ភថា មាបច្ចេកវិទ្យាឃ្លាំមើលតាមប្រព័ន្ធអេឡិចត្រូនិកនេះនឹងត្រូវបានប្រើប្រាស់ដើម្បីតាមដានពីរបៀបដែលប្រជាជនកំពុងបោះឆ្នោត។
លោក រ៉ូដេហាវើរ បានចង្អុលបង្ហាញថា គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ាបានសម្រេចថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងដោយការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកតែប៉ុណ្ណោះ។ នេះបង្កើនក្ដីបារម្ភជុំវិញការតាមដានដែលអាចកើតមានចំពោះអ្នកបោះឆ្នោត ដែលធ្វើឱ្យពួកគេប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងទាំងពីក្រុមយោធា និងក្រុមប្រឆាំង៕

