ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពីធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ និងផ្តល់ប័ណ្ណសរសើរដល់មន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ ស្នងការរង នាយការិយាល័យជំនាញ លោកអធិនគរបាលក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឲ្យដឹងថា លទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៥នេះ បទល្មើសមានការថយចុះជាងបណ្តាឆ្នាំមុនៗ ហើយរាល់បទល្មើសដែលកើតឡើង សមត្ថកិច្ចធ្វើការបង្ក្រាបបាន១០០%។
លោកបានបន្តថា ថ្វីត្បិតតែស្ថានភាពសន្តិសុខមានភាពល្អប្រសើរយ៉ាងនេះក្ដី ប៉ុន្តែក្នុងនាមស្នងការនគរបាលខេត្ត នៅតែបន្តកសាងផែនការ និងអនុវត្តយុទ្ធសាស្ត្រនានា ដែលរាជរដ្ឋាភិបាលដាក់ចេញ និងបានចាត់តាំងកម្លាំងនគរបាលពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង បង្ការ បង្ក្រាប ទប់ស្កាត់ បទល្មើសគ្រប់ភេទ និងបាតុភាពនានា ដែលអាចកើតឡើងជាយថាហេតុ ប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋទូទាំងខេត្ត។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពសង្គម ទើបបទល្មើសគ្រប់ប្រភេទមានការថយចុះគួរឲ្យកត់សម្គាល់។
ឯកឧត្តម ក៏បានជម្រុញដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្តពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ, ត្រូវបន្តពង្រឹង ការផ្តល់សេវាសាធារណៈឲ្យបានល្អ ពិសេសការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតស្នាមផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍លើកឡើងថា កន្លងមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលយើងអាចវាយតម្លៃបានថា សមិទ្ធផលទាំងអស់នេះកើតចេញពីភាពសាមគ្គីផ្ទៃក្នុងអង្គភាពបានល្អ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី កងកម្លាំងនគរបាលយើងត្រូវបន្តខិតខំបន្ថែមទៀតក្នុងកិច្ចការងារពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលបង្ករចលាចលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ឲ្យកាន់តែល្អប្រសើរថែមទៀត៕

