ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង លោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានវត្តមានចូលរួមពីសាធារណជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
នៅក្នុងកម្មវិធីនេះ អ្នកចូលរួមបានទស្សនាពិព័រណ៍ពីប្រវត្តិប្រាក់រៀល និងបទបង្ហាញរបស់សិស្សានុសិស្សស្តីពីសារៈសំខាន់នៃប្រាក់រៀល ព្រមទាំងវីដេអូខ្លីៗស្តីពី “តើប្រាក់១ម៉ឺនរៀលអាចទិញអ្វីបានខ្លះនៅខេត្តកំពង់ឆ្នាំង?”។
អង្គពិធីបានទស្សនាស្តង់ពិព័រណ៌របស់ប្រព័ន្ធទូទាត់បាគង ស្តង់ពិព័រណ៍ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងស្តង់ពិព័រណ៍របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីទទួលបានព័ត៌មាន ក៏ដូចជាសេវាកម្មថ្មីៗក្នុងវិស័យហិរញ្ញវត្ថុ។
បន្ថែមលើនេះ សាធារណជនក៏បានយកក្រដាសប្រាក់រៀលចាស់ ទក់ រហែក ប្តូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃផងដែរ។
លោកស្រី ប៊ន សុភី បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា ដែលបានរៀបចំសិក្ខាសាលានេះ ឡើងក្នុងគោលបំណង ដើម្បីរួមចំណែកក្នុងការយល់ដឹង អំពីប្រាក់រៀល សម្រាប់នៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង។
ឯកឧត្ដម យឹម លាត បានលើកឡើងអំពីប្រវត្តិនៃប្រាក់រៀល និងងវឌ្ឍនភាពនៃការជំរុញការប្រើប្រាស់ប្រាក់រៀល ក៏ដូចជាប្រព័ន្ធទូទាត់នៅកម្ពុជា។
ឯកឧត្ដមបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងគោលដៅធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោល នយោបាយជាច្រើន ដោយក្នុងនោះការលើកកម្ពស់ប្រាក់រៀល ក៏ជាការងារអាទិភាពមួយដែរ ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មកស្របពេល ដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាលទ្ធផលនិន្នាការនៃការប្រើប្រាស់ប្រាក់រៀល ក៏មានការកើនឡើងជាលំដាប់។
ឯកឧត្ដមបានបញ្ជាក់ថា ការបោះផ្សាយក្រដាសប្រាក់ថ្មី ធ្វើឡើងដោយផ្អែកលើការរីកចម្រើននៃទំហំសេដ្ឋកិច្ច ឬដើម្បីប្ដូរជំនួសក្រដាសប្រាក់ចាស់ ទក់ និងរហែក នៅលើទីផ្សារដែលត្រូវប្រមូលយកទៅកំទេចចោល ដោយមិនបញ្ចេញឲ្យចរាចរណ៍វិញនោះទេ៕

