កម្ពុជាសង្ឃឹមថា ADB នឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងគោលដៅជំរុញកំណើន និងកាត់បន្ថយភាពក្រីក្រ ដើម្បីកម្ពុជាអាចចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចតាមគោលដៅដែលបានកំណត់

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម វីនហ្រ្វែត វីកក្លែន (Winfried Wicklein) អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីថ្មី ប្រចាំកម្ពុជា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥។
ឯកឧត្ដម វីនហ្រ្វែត វីកក្លែន និងលោកស្រី យ៉ាសមីន ស៊ីឌីគី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រដល់លោកស្រី យ៉ាសមីន ស៊ីឌីគី ដែលត្រូវ បានតែងតាំងជានាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីថ្មី ប្រចាំកម្ពុជា ។
ឯកឧត្ដម វីនហ្រ្វែត វីកក្លែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និង ADB នាពេលកន្លងមក និងបានគូសរំលេចអំពីការកែទម្រង់ជាយុទ្ធសាស្ត្ររបស់ ADB ជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់, ជាពិសេសអាស៊ាន ដែលបច្ចុប្បន្នបាននិងកំពុងដើរ តួនាទីកាន់តែសំខាន់ក្នុងឆាកអន្តរជាតិ, ដោយផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ ការពង្រឹង វិស័យឯកជន, ឌីជីថលភាវូបនីយកម្ម, បញ្ញាសប្បនិម្មិត(AI), ការពង្រឹងទីផ្សារមូលធន, ការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍, ការគ្រប់គ្រងអាងទន្លេ, ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ, និងការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន – ASEAN Power Grid ជាដើម សំដៅខិតខំសម្រេចឱ្យបានតាមគោលដៅ ចម្បងរបស់ ADB គឺការជំរុញកំណើនប្រកបដោយបរិយាបន្ន និងការកាត់បន្ថយភាពក្រីក្រ។
ឯកឧត្ដម វីនហ្រ្វែត វីកក្លែន បានបញ្ជាក់ដែរថា ADB បានធ្វើបច្ចុប្បន្នកម្មលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ដែលនឹងអាចផ្តល់លទ្ធភាពដល់ ADB ក្នុងការបង្កើនហិរញ្ញប្បទាន បន្ថែមដល់ប្រទេសជាសមាជិកពី ២៥ ដល់ ៣៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា, ក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុខ, ក្រុមបេសកកម្មរបស់ ADB នឹងមកបំពេញបេសកកម្មដើម្បីធ្វើបច្ចុប្បន្នកម្មបញ្ជីគម្រោង/កម្មវិធីអាទិភាពរយៈពេលមធ្យម និងគិតគូរអំពីការពង្រឹងវិស័យឯកជនកម្ពុជា រួមទាំងការផ្តល់ហិរញ្ញប្បទានក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan) លើវិស័យអាទិភាពសំខាន់ៗរួមមាន៖ វិស័យថាមពល និងយានយន្តអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, ព្រមទាំងការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា ជាដើម ។
ជាមួយគ្នានេះ, ADB នឹងគាំទ្រកម្ពុជាក្រោមក្របខ័ណ្ឌ Counter-Cyclical Support Facility (CSF) ដែលជាយន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ និងហានិភ័យបណ្តាលមកពីការអនុវត្តគយបដិការផងដែរ ។
នាឱកាសនោះឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃភាពជាដៃគូរបស់ ADB និងបានគាំទ្រចំពោះរបៀបវារៈអភិវឌ្ឍន៍របស់ ADB ដែលរបៀបវារៈអភិវឌ្ឍន៍ ខាងលើឆ្លើយតបទៅនឹង (១) ទិសដៅនៃការអភិវឌ្ឍក្នុងតំបន់របស់អាស៊ាន (ASEAN), និយាយជារួម និង (២) របៀបវារៈអភិវឌ្ឍន៍នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ ជាមួយគ្នានេះ, កម្ពុជាត្រៀមខ្លួនសហការជាមួយបេសកកម្មរបស់ ADB ក្នុងការធ្វើបច្ចុប្បន្នកម្មបញ្ជីគម្រោង/កម្មវិធីអាទិភាពរយៈពេលមធ្យមពេលខាងមុខ ព្រមទាំងការពិភាក្សា និងរៀបចំ Counter-Cyclical Support Facility (CSF) ផងដែរ ។ កម្ពុជាត្រូវការគាំទ្រចាំបាច់បន្ថែមរបស់ ADB ជាពិសេស ក្នុងកាលៈទេសៈប្រឈមនៃសម្ពាធធំៗដូចជា៖ ការអនុវត្តពន្ធបដិការរបស់សហរដ្ឋអាមេរិក និងភាពតានតឹងនៅតាមបណ្តោយព្រំដែន ដែលកំពុងផ្តល់ផលអវិជ្ជមានដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។បន្ថែមលើការគាំទ្រកន្លងមកដែលផ្តោតលើ៖ ១. ការកែទម្រង់ជារចនាសម្ព័ន្ធ, ២. ការកសាងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន, ៣. ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធវិស័យកសិកម្ម, និង ៤. កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងការពង្រឹង អភិបាលកិច្ចរបស់រាជរដ្ឋាភិបាល, លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឲ្យ ADB បង្កើនការគាំទ្រ ជំរុញការអភិវឌ្ឍរបស់កម្ពុជាក្នុងវិស័យគន្លឹះសំខាន់ៗ៖ ការគាំទ្រវិស័យឯកជនទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន, វិស័យថាមពល, ឌីជីថលភាវូបនីយកម្ម, វិស័យ ហិរញ្ញវត្ថុ, ការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ក៏ដូចជា ការជំរុញការស្រូបយកឥណទាន និងបង្កើនទំហំឥណទានសម្រាប់កម្ពុជាឱ្យធំជាងមុន ផងដែរ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ សង្ឃឹមថា ADB នឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងគោលដៅជំរុញកំណើន និងកាត់បន្ថយភាពក្រីក្រ ដើម្បីកម្ពុជាអាចចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចតាមគោលដៅដែលបានកំណត់។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណ ADB ដែលតែងតែជាដៃគូយ៉ាងជិតស្និត, មានភាពបត់បែន, និងគោរពលើភាពជាម្ចាស់ការក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ព្រមទាំងជូនពរឯកឧត្ដម វីនហ្រ្វែត វីកក្លែន និងលោកជំទាវយ៉ាសមីន ស៊ីឌីគី ព្រមទាំងសហការី ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា៕

