អគ្គនាយកអន្តោប្រវេសន៍ ជួបពិភាក្សាការងារជាមួយ អគ្គនាយករង និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម NIU Haifeng អគ្គនាយករង និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈចិន។
ក្នុងជំនួបពិភាក្សា ភាគីចិនបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌការងារអន្តោប្រវេសន៍នាពេលកន្លងមក។
ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅទប់ស្កាត់ និងបញ្ជូនចេញចំពោះជនល្មើសពាក់ព័ន្ធបទល្មើស Online Scams ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា៕

