អភិបាលខេត្តកំពង់ចាម នាំអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាពលរដ្ឋចំនួន១៥៤គ្រួសារ ដែលរងគ្រោះប៉ះពាល់ដោយទឹកជំនន់ នៅក្នុងស្រុកស្ទឹងត្រង់

កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តនាំអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាពលរដ្ឋចំនួន១៥៤គ្រួសារ ដែលរងគ្រោះប៉ះពាល់ ដោយទឹកជំនន់ នៅក្នុងស្រុកស្ទឹងត្រង់។
ឯកឧត្ដម អ៊ុន ចាន់ដា បានសម្ដែងការសោកស្ដាយ ចំពោះបងប្អូនប្រជាកសិករដែលរងគ្រោះដោយសារគ្រោះធម្មជាតិទឹកជំនន់ទន្លេមេគង្គនេះ។ ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត និងលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលជានិច្ចកាល លោកទាំងទ្វេរ តែងតែគិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានយកឱកាសនោះក្រើនរំលឹកដល់បងប្អូនប្រជាកសិករ បន្ទាប់ពីទទួលបានអំណោយដើម្បីដោះស្រាយជីវភាពក្នុងរយៈពេលខ្លីនេះ សូមឱ្យបងប្អូនគិតគូរអំពីការបន្តបង្កបង្កើនផលដើម្បីស្ដារឡើងវិញ ឱ្យសមស្របទៅនឹងស្ថានភាពទឹកទន្លេមេគង្គកំពង់ស្រក ហើយការដាំដុះស្ដារឡើងវិញនេះដែរ ត្រូវមើលអំពីដំណាំដែលត្រូវដាំដុះ ដោយត្រូវពិភាក្សាជាមួយមន្ត្រីជំនាញកសិកម្មនៅមូលដ្ឋានជាមុនសិន ដើម្បីជួយប្រឹក្សាយោបល់ ដើម្បីឲ្យផលដំណាំនោះត្រូវជាមួយនឹងទីផ្សារ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើផងដែរចំពោះប្រជាកសិករទាំងអស់ សូមឱ្យថែទាំសុខភាព ហើយប្រសិនបើមានជំងឺ សូមប្រញាប់ទៅរកសេវាព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីប្រឹក្សាជាមួយគ្រូពេទ្យ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា៕

