គ្រួសារងាយរងគ្រោះបំផុតចំនួន១០គ្រួសារ នៅក្នុងឃុំទ្រៀក ស្រុកមេមត់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក រស់ សុខន នាយកប្រតិបត្តិសាខា បានដឹកនាំក្រុមមន្ត្រីប្រតិបត្តិសាខា អនុសាខាស្រុកមេមត់ ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំទ្រៀក និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅជូនដល់ប្រជាពលរដ្ឋដែលជាគ្រួសារងាយរងគ្រោះបំផុត ចំនួន១០គ្រួសារ រស់នៅក្នុងឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកនាយកសាខាបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណ:កម្មាធិការ ជាមួយឯកឧត្តម អ៊ាង សុផល្លែត ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលលោក តែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូន ជានិច្ចទោះបីជាក្នុងកាល:ទេស:បែបណាក៏ដោយ។ មិនតែប៉ុណ្ណោះលោកនាយកបានបន្តទៀតថា ក្នុងនាមជាជំនួយការអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ជូនដល់បងប្អូនរងគ្រោះ និងងាយរងគ្រោះ ឬក្រីក្រខ្វះខាតជាដើម។
លោកក៏បានលើកឡើងបន្ថែមទៀតថា ការផ្តល់នូវអំណោយមនុស្សធម៌នាឱកាសនេះគឺគ្រាន់តែជាការជួយសម្រាលទុក្ខលំបាកចំពោះបងប្អូនបានតែមួយគ្រាប៉ុណ្ណោះ ហេតុនេះហើយសូមបងប្អូនមេត្តាខិតខំធ្វើការដាំដុះបន្លែបង្ការចិញ្ចឹមសត្វបន្ថែមទៀតដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានប្រសើរឡើង និងកុំភ្លេចនាំគ្នាចូលរួមអនុវត្តនូវអនាម័យ៣ប្រការ គឺការហូបស្អាត(តិចអំបិល តិចខ្លាញ់ តិចស្ក) ផឹកស្អាត និងរស់នៅស្អាត ដើម្បីចៀសផុតពីជំងឺឆ្លង ឬមិនឆ្លងនានា។ល។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕

