សេវាសន្តិសុខសហព័ន្ធរុស្ស៊ី FSB ទប់ស្កាត់ផែនការចារកម្មអ៊ុយក្រែន និងអង់គ្លេស ដើម្បីល្បួងអ្នកបើកយន្តហោះរុស្ស៊ីឱ្យលួចយន្តហោះបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងតម្លៃ៣លានដុល្លារ

មូស្គូ៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី FSB បានទប់ស្កាត់ផែនការមួយរបស់ចារកម្មអ៊ុយក្រែន និងអង់គ្លេស ដើម្បីល្បួងអ្នកបើកយន្តហោះរុស្ស៊ីឱ្យលួចយន្តហោះ MiG-31 ដែលបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ក្នុងតម្លៃ៣លានដុល្លារ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានរាយការណ៍នៅថ្ងៃអង្គារទី១១វិច្ឆិកានេះ។
សារព័ត៌មាន RIA បានដកស្រង់សម្តីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ បានឱ្យដឹងថា យន្តហោះដែលត្រូវបានគេប្លន់នោះនឹងត្រូវហោះហើរទៅកាន់មូលដ្ឋានទ័ពអាកាសណាតូនៅក្នុងទីក្រុង Constanta ប្រទេសរ៉ូម៉ានី ជាកន្លែងដែលវាអាចត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ FSB ដែលបន្តតំណែងពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ KGB សម័យសូវៀត បានបង្ហាញថា អ៊ុយក្រែន និងអង់គ្លេស បានគ្រោងទុកការបង្កហេតុទ្រង់ទ្រាយធំមួយ ដោយប្រើប្រាស់យន្តហោះដែលត្រូវបានប្លន់ ហើយថា ចារកម្មយោធាអ៊ុយក្រែន បានស្វែងរកការជ្រើសរើសអ្នកបើកយន្តហោះរុស្ស៊ីក្នុងតម្លៃ៣លានដុល្លារ ដើម្បីលួចយន្តហោះចម្បាំងនេះ។ យ៉ាងណា ផែនការរបស់សេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន និងអង់គ្លេស ត្រូវបានបង្អាក់ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ។
ទូរទស្សន៍រដ្ឋបានបង្ហាញរូបភាពនៃសារ និងការថតសំឡេងរបស់បុរសម្នាក់ ដែលនិយាយថា កំពុងធ្វើការឱ្យចារកម្មអ៊ុយក្រែន និងអង់គ្លេស ហើយបានផ្តល់ប្រាក់ចំនួន៣លានដុល្លារដល់អ្នកបើកយន្តហោះរុស្ស៊ី ដើម្បីហោះហើរយន្តហោះ MiG បំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ទៅកាន់អឺរ៉ុប ហើយថា អ្នកបើកយន្តហោះ ក៏ត្រូវបានផ្តល់សញ្ជាតិផងដែរ។
មីស៊ីល Kinzhal របស់រុស្ស៊ី គឺជាមីស៊ីលផ្លោងដែលបាញ់ចេញពីអាកាស ដែលរដ្ឋធានីមូស្គូហៅថា មីស៊ីលល្បឿនលឿនជាងសំឡេង មានសមត្ថភាពល្បឿនលឿនខ្លាំង និងអាចបត់បែនផ្លូវហោះហើរ ធ្វើឱ្យវាពិបាកសម្រាប់ប្រព័ន្ធការពារដែនអាកាសក្នុងការតាមដាន និងស្ទាក់ចាប់៕

