លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Motegi Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន

នាពេលថ្មីៗកន្លងទៅនេះ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Motegi Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន ។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិនបានកត់សម្គាល់ឃើញថា គណៈរដ្ឋមន្រ្តីថ្មីរបស់ជប៉ុន បានបញ្ចេញសញ្ញាវិជ្ជមានមួយចំនួន ការប្រាស្រ័យទាក់ទងជាន់ខ្ពស់មានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងជប៉ុន ។ រំពឹងទុកថាគណៈរដ្ឋមន្រ្តីថ្មីរបស់ជប៉ុននឹងបោះ “ជំហានទីមួយ”ឱ្យបានល្អក្នុងការប្រាស្រ័យទាក់ទងជាមួយចិន ។ បញ្ហាប្រវតិ្តសាស្ត្រនិងបញ្ហាតៃវ៉ាន់ពាក់ព័ន្ធដល់មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនុកចិត្តជាមូលដ្ឋានរវាងគ្នានិងគ្នា សង្ឃឹមថា ជប៉ុនអាចរួមសហការជាមួយប្រទេសចិន គាំពារមូលដ្ឋាននយោបាយនៃទំនាក់ទំនងទ្វេភាគីឱ្យបានល្អ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងជប៉ុនទទួលបានការកែលម្អនិងអភិវឌ្ឍជាបន្តបន្ទាប់តាមទិសដៅដ៏ត្រឹមត្រូវ ។
ជាការឆ្លើយតប លោកMotegi Toshimitsu បានថ្លែងថា ប្រទេសចិនជាប្រទេសជិតខាងដ៏សំខាន់របស់ជន៉ុន លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុនយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងជប៉ុននិងចិន ។ ជប៉ុនមិនដែលមានបំណងចង់ផ្តាច់ខ្សែសង្វាក់សេដ្ឋកិច្ចជាមួយចិន រំពឹងទុកភាគីទាំងពីរនឹងបង្កើនការប្រាស្រ័យទាក់ទងគ្រប់ស្រទាប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដោះស្រាយទំនាស់ដោយសមរម្យ ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងជាយុទ្ធសាស្ត្រនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងជប៉ុននិងចិនដែលប្រកបដោយលក្ខណៈស្ថាបនានិងស្ថិរភាព ៕
