នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ប្តេជ្ញានឹងរំសាយអាវុធក្រុមហាម៉ាស និងធ្វើឱ្យតំបន់ហ្កាហ្សាក្លាយជាតំបន់គ្មានយោធា

ហ្ស៊េរុយសាឡិម៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញានៅថ្ងៃអាទិត្យថា នឹងរំសាយអាវុធក្រុមហាម៉ាស និងធ្វើឱ្យតំបន់ហ្កាហ្សាក្លាយជាតំបន់គ្មានយោធា ដោយបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងបន្តវាយប្រហារកោសិកាសកម្មប្រយុទ្ធដែលនៅសេសសល់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។
ថ្លែងទៅកាន់បណ្តារដ្ឋមន្ត្រី លោក ណេតាន់យ៉ាហ៊ូ បានមានប្រសាសន៍ថា «កោសិកាហាម៉ាសមួយចំនួននៅតែសកម្ម ហើយយើងកំពុងកម្ចាត់ពួកគេជាប្រព័ន្ធ»។
លោកបានបន្ថែមថា ការរំសាយអាវុធក្រុមហាម៉ាស គឺជាគោលការណ៍ណែនាំរបស់លោក ដែលលោកបានព្រមព្រៀងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះបានបញ្ជាក់ដែរថា «ប្រសិនបើវាមិនអាចសម្រេចបានតាមវិធីមួយ វានឹងត្រូវបានសម្រេចតាមវិធីមួយទៀត»។
ដោយឡែក អាជ្ញាធរសុខាភិបាលហ្កាហ្សាបានឱ្យដឹងថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៣៦នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៉ីស្រាអែល៕

