អ៉ីស្រាអែលនឹងចាត់វិធានការឆ្លើយតប បន្ទាប់ពីក្រុមហាម៉ាសបានប្រគល់អដ្ឋិធាតុដែលមិនមែនជារបស់ចំណាប់ខ្មាំងអ៉ីស្រាអែលដែលកំពុងបាត់ខ្លួន

ហ្ស៊េរុយសាឡិម៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃអង្គារថា អ៉ីស្រាអែលនឹងចាត់វិធានការឆ្លើយតប បន្ទាប់ពីក្រុមហាម៉ាសបានប្រគល់អដ្ឋិធាតុដែលមិនមែនជារបស់ចំណាប់ខ្មាំងអ៉ីស្រាអែលដែលកំពុងបាត់ខ្លួន ដែលជាទង្វើមួយអ៉ីស្រាអែលចាត់ទុកថាជាការរំលោភលើបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
លោក Netanyahu បានបញ្ជាក់ថា អដ្ឋិធាតុដែលក្រុមហាម៉ាសបានប្រគល់ឱ្យកាលពីយប់ថ្ងៃចន្ទ គឺជារបស់លោក អូហ្វី ត្សាហ្វាទី (Ofir Tzarfati) ដែលជាចំណាប់ខ្មាំងម្នាក់ដែលសាកសពរបស់គាត់ត្រូវបានកងកម្លាំងអ៉ីស្រាអែលរកឃើញរួចទៅហើយកាលពីរយៈពេលដំបូងនៃសង្គ្រាម មិនមែនជារបស់ចំណាប់ខ្មាំងម្នាក់ក្នុងចំណោម ១៣នាក់ដែលនៅបាត់ខ្លួននោះទេ។
លោកបានបន្ថែមថា លោកនឹងកោះប្រជុំមេបញ្ជាការការពារជាតិរបស់លោកនៅថ្ងៃអង្គារនេះ ដើម្បីសម្រេចចិត្តលើ «ជំហានបន្ទាប់របស់អ៉ីស្រាអែល»។
ជាការឆ្លើយតប ក្រុមហាម៉ាសបានអះអាងថា ខ្លួនកំពុងអនុវត្តតាមបទឈប់បាញ់ និងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកំណត់ទីតាំងអដ្ឋិធាតុចំណាប់ខ្មាំង ប៉ុន្តែត្រូវបានរារាំងដោយកង្វះឧបករណ៍ដើម្បីកំណត់អត្តសញ្ញាណសាកសព និងទំហំនៃការបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា៕

