វិមានក្រឹមឡាំង៖ យើងនិង«បំផ្លាញ» ជនបរទេសដែលកំពុងជួយប្រយុទ្ធឱ្យអ៊ុយក្រែន

មូស្គូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃអង្គារនេះថា ទាហានរុស្ស៉ីតែងតែឮភាសាបរទេសត្រូវបាននិយាយដោយអ្នកដែលកំពុងប្រយុទ្ធឱ្យអ៊ុយក្រែននៅជួរមុខ ហើយបានសន្យាថា អ្នកប្រយុទ្ធបរទេសទាំងនោះនឹងត្រូវបាន «បំផ្លាញ»។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «យោធារបស់យើងឮការនិយាយភាសាបរទេស, ពួកគេតែងតែឮភាសាបរទេសនៅជួរមុខ»។
លោកបានបន្ថែមយ៉ាងដូច្នេះថា «ដូច្នេះ ជនបរទេសទាំងនោះគឺនៅទីនោះ ហើយយើងនឹងបំផ្លាញពួកគេ។ យោធារបស់យើងនឹងបន្តធ្វើការងាររបស់ពួកគេ»។
គួរបញ្ជាក់ថា រុស្ស៉ីបានអះអាងជាយូរមកហើយថា បុគ្គលិកយោធារបស់អង្គការ NATO មានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណា សម្ព័ន្ធមិត្តយោធា NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនគាំទ្រអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជូនទាហានទៅទីនោះឡើយ៕

