តួកគីយ៉េ ព្រមព្រៀងទិញយន្តហោះចម្បាំង Eurofighter Typhoon ថ្មីចំនួន២០គ្រឿង ពីចក្រភពអង់គ្លេស

អង់ការ៉ា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ តួកគីយ៉េ បានព្រមព្រៀងទិញយន្តហោះចម្បាំង Eurofighter Typhoon ថ្មីចំនួន២០គ្រឿង ពីចក្រភពអង់គ្លេស ក្នុងតម្លៃ៨ពាន់លានផោន ឬស្មើនឹង១០.៧ពាន់លានដុល្លារ។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានចុះកិច្ចព្រមព្រៀងខាងលើ ជាមួយប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan អំឡុងដំណើរទស្សនកិច្ចលើកដំបូង មកកាន់ប្រទេសតួកគីយ៉េ ចាប់តាំងពីរូបលោក ចូលកាន់តំណែងកាលពីឆ្នាំ២០២៤។ បើតាមទីក្រុងឡុងដ៍ ទីក្រុងអង់ការ៉ានឹងចាប់ផ្តើមទទួលបានយន្តហោះ Typhoon នៅឆ្នាំ២០៣០ ហើយក្នុងកិច្ចព្រមព្រៀងនោះ ក៏រួមមានជម្រើសឱ្យតួកគីយ៉េ អាចទិញបន្ថែមលើសពី២០គ្រឿងផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីត្រូវទីក្រុងវ៉ាស៉ីនតោន ដកចេញពីដៃគូក្នុងកម្មវិធីយន្តហោះចម្បាំង F-35 កាលពីឆ្នាំ២០១៩ ដោយសារតែ រឿងទិញប្រព័ន្ធខែលការពារមីស៉ីលរុស្ស៉ី S-400 តួកគីយ៉េបានបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅរកអឺរ៉ុប។ ទីក្រុងអង់ការ៉ា មានគោលដៅចង់ទិញយន្តហោះ Typhoon សរុប៤០គ្រឿង ដែលផលិតរួមគ្នាដោយអង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី និងអេស៉្បាញ៕

