ប្រេងឆៅបានបន្តឡើងថ្លៃ បន្ទាប់ពីអាមេរិកដាក់ចេញនូវទណ្ឌកម្មលើក្រុមហ៊ុនប្រេងរបស់រុស្ស៉ី

Reuters៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលានេះ បានឱ្យដឹងថា ប្រេងឆៅបានបន្តឡើងថ្លៃថែម ១ដុល្លារទៀតក្នុងមួយបារ៉ែល បន្ទាប់ពីសហរដ្ឋអាមេរិក ដាក់ចេញនូវទណ្ឌកម្មលើក្រុមហ៊ុនប្រេងចំនួនពីររបស់រុស្ស៉ី គឺ Rosneft និង Lukoil ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។
ប្រេងឆៅប្រភេទ Brent ឡើងថ្លៃ ១.៧៦ដុល្លារ ឬ ២.៨១ភាគរយ គឺក្នុងមួយបារ៉ែ ៦៤.៣៥ដុល្លារ ហើយប្រេងឆៅរបស់អាមេរិក West Texas Intermediate ឡើងថ្លៃ ១.៦៨ដុល្លារ ឬ ២.៨៧ភាគរយ គឺក្នុងមួយបារ៉ែល ៦០.១៨ដុល្លារ។
កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរបស់រុស្ស៉ី ជាមួយការប្រកាសលុបចោលជំនួបដែល បានគ្រោងទុកជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយសារតែមិនមានភាពរីកចម្រើន ក្នុងកិច្ចចរចាស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
តាមអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG លោក Tony Sycamore ខណៈព័ត៌មានអំពីទណ្ឌកម្មកំពុងជំរុញតម្លៃប្រេងឆៅ តែការកើនឡើងរហូតមកដល់ពេលនេះ គឺមានកម្រិតតិចតួចប៉ុណ្ណោះ ពីព្រោះការគំរាមពីមុនមកតែងតែថមថយ ឬអាចពន្យារពេលទៅវិញ៕

