ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ បានជម្លៀសខ្លួនចេញពីផ្ទះសម្បែងស្ថិតនៅតាមបណ្ដោយតំបន់ឆ្នេរប៉ាស៊ីហ្វិក មុនព្យុះត្រូពិក Fengshen បក់បោកមកដល់

ម៉ានីល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ បានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួនដែលស្ថិតនៅតាមបណ្ដោយតំបន់ឆ្នេរប៉ាស៊ីហ្វិក នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ខណៈក្រុមអ្នកជំនាញខាងឧតុនិយម បានព្រមានពីគ្រោះទឹកជំនន់ នៅមុនព្យុះត្រូពិក Fengshen បក់បោកមកដល់។
ព្យុះ Fengshen ត្រូវបានព្យាករថានឹងវាយប្រហារលើតំបន់ Catanduanes ដែលជាកោះមួយមានប្រជាជនរស់នៅ ២៧០ ០០០នាក់ ជាមួយល្បឿនខ្យល់៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយអាចនឹងវាយប្រហារលើកោះ Luzon នៅព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
តាមអាជ្ញាធរឧតុនិយមហ្វីលីពីន ព្យុះនេះនឹងនាំមកជាមួយភ្លៀងធ្លាក់ខ្លាំងបង្កហានិភ័យទឹកជំនន់ កម្រិតពីស្រាល ទៅមធ្យម នៅតាមបណ្ដោយឆ្នេរ និងអាចបង្កឱ្យមានរលកសមុទ្រកម្ពស់ពី១ ទៅ២ម៉ែត្រ។
ជាវិធានការបង្ការគ្រោះថ្នាក់ អាជ្ញាធរហ្វីលីពីន បានជម្លៀសប្រជាជនជិត ១៧០០០នាក់ ក្នុងខេត្ត Albay រួមជាមួយប្រជាជនជាង ៩០០០នាក់ នៅលើកោះ Catanduanes ទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្ន៕
