ប្រមុខការពារជាតិ៖ ឥណ្ឌូណេសុី នឹងទិញយន្តហោះចម្បាំងយ៉ាងហោច ៤២គ្រឿងពីប្រទេសចិន

ហ្សាការតា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី១៥ ខែតុលា ប្រមុខការពារជាតិនៃប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា ឥណ្ឌូណេស៉ី នឹងទិញយន្តហោះចម្បាំងយ៉ាងហោច ៤២គ្រឿងពីប្រទេសចិន ដោយវានឹងជាលើកដំបូងបង្អស់ ដែលប្រទេសអាស៊ានមួយនេះ ទិញយន្តហោះចម្បាំងមិនមែនផលិតដោយលោកខាងលិច។
រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក Sjafrie Sjamsoeddin បានប្រាប់ក្រុមអ្នកកាសែតនៅរដ្ឋធានីហ្សាការតាថា ក្នុងពេលឆាប់ៗ ឥណ្ឌូណេស៉ី នឹងទិញយន្តហោះចម្បាំង Chengdu J-10C ពីចិន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ខ្លួន។
យ៉ាងណាមិញ លោក Sjamsoeddin មិនបាននិយាយលម្អិតអ្វីទៀតនោះទេ អំពីគម្រោងទិញយន្តហោះចម្បាំងនេះ។ ក្នុងថ្ងៃដដែល រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៉ី Purbaya Yudhi Sadewa ក៏បាននិយាយដែរថា ក្រសួងរបស់លោក បានអនុម័តកញ្ចប់ថវិកាមួយ សម្រាប់ការទិញយន្តហោះចម្បាំងពីចិន ដែលបានឈានដល់ទំហំជាង៩ពាន់លានដុល្លារ។
គួរបញ្ជាក់ថា សព្វថ្ងៃ កងទ័ពអាកាសនៃប្រទេសឥណ្ឌូណេស៉ី មានយន្តហោះចម្បាំងមកពីប្រទេសចម្រុះ ដូចជាសហរដ្ឋអាមេរិក រុស្ស៉ី និងចក្រភពអង់គ្លេស ជាដើម ប៉ុន្តែមួយចំនួននៃយន្តហោះទាំងនោះ គឺត្រូវការដំឡើងសមត្ថភាពបន្ថែម ឬប្តូរចេញតែម្តង៕
