រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បញ្ឈប់បុគ្គលិកជាង៤០០០នាក់ ដោយសារតែវិបត្តិជាប់គាំងកញ្ចប់ថវិកា

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឱ្យដឹងថា រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ឈប់បុគ្គលិកសរុប៤១០៨នាក់ គិតចាប់តាំងពីថ្ងៃទី១ ខែតុលា ជាថ្ងៃដែលរដ្ឋាភិបាលអាមេរិកចាប់ផ្តើមការបិទទ្វារ ដោយសារតែវិបត្តិជាប់គាំងកញ្ចប់ថវិកា។
យ៉ាងណាមិញ តួលេខនេះគឺជាចំនួនមួយចម្រៀកតូចប៉ុណ្ណោះ នៃបុគ្គលិកសរុបរបស់រដ្ឋាភិបាលអាមេរិក។ ទីភ្នាក់ងារនិងស្ថាប័នអាមេរិក មានបុគ្គលិករហូតដល់ទៅប្រមាណ២លាននាក់ កាលពីពេលចាប់ផ្តើមនៃអាណត្តិទី២របស់រដ្ឋបាលលោក ត្រាំ។ លោក ត្រាំ បានទម្លាក់កំហុសសម្រាប់ការជម្រុះបុគ្គលិករដ្ឋនេះ ទៅលើការបិទទ្វាររដ្ឋាភិបាល។
គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក ត្រូវជួបវិបត្តិជាប់គាំងកញ្ចប់ថវិកាដូចខាងលើ ដោយសារតែលោក ត្រាំ និងក្រុមសមាជិកសភា មិនអាចឯកភាពគ្នាជុំវិញផែនការចំណាយ សម្រាប់ទីភ្នាក់ងារសហព័ន្ធ៕
