ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៣ឆ្នាំ

ភ្នំពេញ៖ ក្នុងឱកាសគម្រប់ខួប១៣ឆ្នាំ នៃការសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ អញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន ព្រះបរមរតនកោដ្ឋ នៅព្រះបរមរូប ខាងកើតវិមានឯករាជ្យ។
សូមរម្លឹកថា ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ ខ្មែរ ព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។
យើងខ្ញុំទាំងអស់គ្នាសូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ដែលស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ជាចៅទួត របស់ព្រះអង្គ។
យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

