ជនជាតិម៉ាឡេស៊ី២៣ នាក់ដែលក្រុមទូកដឹកជំនួយអន្តរជាតិ ទៅកាន់តំបន់ហ្កាហ្សា ត្រូវបានដោះលែងដោយអាជ្ញាធរអ៊ីស្រាអែល

បរទេស៖ក្រសួងការបរទេសម៉ាឡេស៊ី បានប្រកាសថា ជនជាតិម៉ាឡេស៊ី២៣ នាក់ ដែលជាផ្នែកនៃក្រុមទូកដឹកជំនួយអន្តរជាតិ ទៅកាន់តំបន់ហ្កាហ្សា ត្រូវបានដោះលែងដោយអាជ្ញាធរអ៊ីស្រាអែល ហើយគ្រោងនឹងវិលត្រឡប់ទៅមាតុប្រទេសវិញនៅថ្ងៃចន្ទទី៦ តុលា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ទី៤ តុលា ក្រសួងការបរទេសម៉ាឡេស៊ីបានបញ្ជាក់៖«ក្រុមនេះបានចាកចេញពីប្រទេសអ៊ីស្រាអែលទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ជាកន្លែងដែលពួកគេនឹងទទួលការត្រួតពិនិត្យសុខភាព។ ប្រជាជនម៉ាឡេស៊ីទាំងអស់មានសុវត្ថិភាព និងមានសុខភាពល្អ។ ពួកគេនឹងបន្តនៅទីក្រុងអ៊ីស្តង់ប៊ុលដើម្បីធ្វើការវាយតម្លៃផ្នែកវេជ្ជសាស្ត្រ និងសុខភាព មុននឹងត្រឡប់ទៅម៉ាឡេស៊ីវិញនៅថ្ងៃទី ៥ តុលា ឬ ៦ តុលា»។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាសាន់ (Mohamad Hasan) កាលពីថ្ងៃសៅរ៍ទី៤ តុលា បានបង្ហោះរូបថតសកម្មជនទាំង២៣ នាក់នៅលើទំព័រហ្វេសប៊ុករបស់គាត់។
ម៉ាឡេស៊ីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគីសម្រាប់ការសម្របសម្រួល និងការគាំទ្រជាសំខាន់ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសហ្ស៊កដានី អេហ្ស៊ីប សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ានដែលមានវត្តមាននៅទីក្រុង Tel Aviv សម្រាប់ជំនួយរបស់ពួកគេក្នុងការធានាការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់ពលរដ្ឋម៉ាឡេស៊ី។ នៅក្នុងការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃសៅរ៍ទី៤ តុលា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីមបានថ្លែងអំណរគុណដល់មិត្តជិតស្និទ្ធរបស់គាត់ ប្រធានាធិបតីតួកគី លោក រីសេប តៃយីប អឺដូហ្គាន (Recep Tayyip Erdogan) និងមេដឹកនាំនៃប្រទេសជាមិត្តផ្សេងទៀត ដែលបានជួយសម្រួលដល់ការដោះលែងជនជាតិម៉ាឡេស៊ី។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានប្រឈមមុខនឹងការថ្កោលទោស និងការតវ៉ាពីអន្តរជាតិ កាលពីថ្ងៃទី២តុលាកន្លងទៅ បន្ទាប់ពីយោធារបស់ខ្លួនបានស្ទាក់ទូកស្ទើរតែទាំងអស់ប្រហែល៤០គ្រឿង ដែលដឹកជំនួយទៅកាន់តំបន់ហ្គាហ្សា និងចាប់បានសកម្មជនបរទេសជាង៤៥០នាក់ រួមទាំងសកម្មជនអាកាសធាតុស៊ុយអែតដ៏ល្បីល្បាញ នាង ហ្គ្រេតា ធូនបឺក ផងដែរ៕

