កម្ពុជា និង ព្រុយណេ ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍, លើកកម្ពស់ទេសចរណ៍មូស្លីម និងជំរុញការផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម DATO DR ABDUL MANAF METUSSIN, រដ្ឋមន្ត្រីទេសចរណ៍ព្រុយណេ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈការគ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការឯកភាពគ្នាលើទិដ្ឋភាពបច្ចេកទេសរួចរាល់។
ភាគីទាំងពីរបានឯកភាពក្នុងការជំរុញការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍មូស្លីមឱ្យបានទូលំទូលាយ ព្រមទាំងផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ, ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ មានទស្សនៈរួមគ្នាថាការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ទាមទារឱ្យមានការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
ភាគីទាំងពីរឯកភាពក្នុងការចុះហត្ថលេខាលើអនុរស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ កម្ពុជា ព្រយណេ ដែលអាចរៀបចំឡើងនៅកម្ពុជា ឬ នៅអំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វលីពីន។
ភាគីទាំងពីររំពឹងថាតាមរយៈការចុះហត្ថលេខាលើ MOUនេះ នឹងជួយជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរកាន់តែច្រើនឡើនបន្ថែមទៀត៕

