ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅអង់គ្លេស រាយការណ៍ថា ទីក្រុងឡុងដ៍នឹងធ្វើការទទួលស្គាល់ជាផ្លូវការ ចំពោះរដ្ឋប៉ាឡេស្ទីន

ឡុងដ៍៖ នាថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅចក្រភពអង់គ្លេស បានរាយការណ៍ថា ទីក្រុងឡុងដ៍នឹងធ្វើការទទួលស្គាល់ជាផ្លូវការ ចំពោះរដ្ឋប៉ាឡេស្ទីន ខណៈវាគឺជាការផ្លាស់ប្តូរគោលនយោបាយដ៏ធំមួយ បើទោះបីជា មានការជំទាស់យ៉ាងដាច់អហង្ការពីអ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីខែកក្កដា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយថា ចក្រភពអង់គ្លេស នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ប្រសិនបើអ៉ីស្រាអែលមិនបោះជំហានគ្រប់គ្រាន់ ដើម្បីឆ្ពោះទៅរកបទឈប់បាញ់ជាមួយក្រុមហាម៉ាស នៅត្រឹមពេលមហាសន្និបាតរបស់ អង្គការសហប្រជាជាតិ (UN) បើកកិច្ចប្រជុំនៅក្នុងខែកញ្ញានេះទេនោះ។
បណ្តាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អង់គ្លេស រួមមានទាំង BBC និង Press Association បានរាយការណ៍ថា លោក Starmer នឹងប្រកាសការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងថ្ងៃអាទិត្យនេះ ។
គួរបញ្ជាក់ថា ក្រៅពីអង់គ្លេស ប្រទេសប្រមាណ១០ផ្សេងទៀត រួមមានទាំងដៃគូនៅ G7 របស់អង់គ្លេស គឺបារាំង ក៏គ្រោងប្រកាស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ផងដែរ ខណៈនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានចេញមុខរិះគន់ និងបង្ហាញជំហរប្រឆាំងជាខ្លាំង៕

