អភិបាលខេត្តត្បូងឃ្មុំ សម្ពោធដាក់ឲ្យប្រើប្រាស់ អគារវះកាត់ សម្ភព និងរោគស្ត្រី នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោក រ័ត្ន ច័ន្ទសុភា ប្រធានសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំប្រទេសកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារវះកាត់ សម្ភព និងរោគស្ត្រី មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ដោយមានការឧបត្ថម្ភ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតនៅមន្ទីរពេទ្យបង្អែកក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា អគារ១នេះ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តត្បូងឃ្មុំ ក៏ដូចជាក្រុងសួង ក្នុងឆ្នាំ២០២៥ ហើយក៏ជាសក្ខីភាពរួម ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា«ការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល» ដែលនេះជាការចូលរួមលើកស្ទួយវិស័យសុខាភិបាល សម្រាប់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះសមាគមនិកាយសាសនាចក្រ ដែលបានជួសជុលកែលម្អអគារវះកាត់នេះ ដែលនេះជាគម្រោងមនុស្សធម៌ដ៏ថ្លៃថ្លា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមលើក កម្ពស់វិស័យសុខាភិបាលនៅកម្ពុជា និយាយជារួម និងនិយាយដោយឡែក ក្នុងខេត្តត្បូងឃ្មុំនេះផ្ទាល់តែម្តង៕

