នគរបាលបង្ក្រាបក្មេងទំនើង និងជនងប់ល្បែងជាង៧០នាក់ ឱ្យទៅកាន់បិណ្ឌនិងភ្ជុំក្នុងពន្ធនាគារ!

ភ្នំពេញ៖ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងសរុប១៥ករណី ឃាត់ខ្លួនមនុស្ស៥៩នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន៥ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន១៨នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យ សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ ចំណែកអ្នកប្រព្រឹត្តល្បែងទាំង១៨នាក់នោះ មាន៦នាក់បញ្ជូនទៅតុលាការ និង១២នាក់ទៀត ទទួលការអប់រំណែនាំ និងធ្វើកិច្ចសន្យា មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ។
ករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់នេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបនៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ កំពង់ស្ពឺ ក្រចេះ កំពង់ចាម ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ លោក ទូច សុឃៈ សមត្ថកិច្ចមូលដ្ឋាននៅតែបន្តបង្ក្រាបករណីក្មេងទំនើងនិងល្បែងស៊ីសងមិនដកដៃឡើយ។
លោកបានសង្កត់ធ្ងន់ថា ក្នុងរដូវការកាន់បិណ្ឌនិងឈានទៅប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ការអនុវត្តវិធានការបង្ក្រាបនឹងបន្តធ្វើឡើងកាន់តែតឹងរឹងជាងមុន ពោលគឺជនល្មើសនឹងត្រូវជួបវាសនាឃុំខ្លួនក្នុងពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ទាំងដែលតាមជំនឿខ្មែរពួកប្រេតទាំងឡាយត្រូវបានដោះលែងឱ្យមកទទួលបុណ្យកុសលពីសាច់ញាតិ៕
