រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ថា សន្តិសុខនៃប្រទេសក្នុងតំបន់បាល់ទិក និងអាល្លឺម៉ង់ មិនអាចបំបែកចេញពីគ្នាបានឡើយ

បែរឡាំង៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ លោក Johann Wadephul រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បាននិយាយថា សន្តិសុខនៃប្រទេសក្នុងតំបន់បាល់ទិក និងអាល្លឺម៉ង់ មិនអាចបំបែកចេញពីគ្នាបានឡើយ ដោយប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និត ដើម្បីប្រឆាំងនឹង អ្វីដែលលោកចាត់ទុកថា ជាការវាយប្រហារជាក់ស្តែង និងដោយប្រយោលរបស់រុស្ស៊ី។
ពេលចេញដំណើរទៅកាន់ប្រទេសអេស្តូនី និងដាណឺម៉ាក លោក Wadephul គូសបញ្ជាក់ថា «សន្តិសុខនៃរដ្ឋបាល់ទិក ក៏ជាសន្តិសុខរបស់យើង នៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ»។
ដោយចង្អុលបង្ហាញទៅកងនាវាចររបស់រុស្ស៉ី ថាប្រើដើម្បីគេចវេសពីទណ្ឌកម្មប្រេង ឧប្បត្តិហេតុដាច់ខ្សែកាបក្រោមសមុទ្រ និងការរំខានដល់សញ្ញាតាមដាន GPS លោក Wadephul និយាយថា «យើងជាសាក្សីនៃសង្រ្គាមកូនកាត់របស់រុស្ស៉ី» ដោយបន្ថែមថា អេស្តូនី និងប្រទេសបាល់ទិកផ្សេងទៀត ក៏បានព្រមានជាមុនអំពីហានិភ័យផងដែរ»។
គួរបញ្ជាក់ថា ទីក្រុងមូស្គូ តែងច្រានចោលនូវការចោទប្រកាន់ ពាក់ព័ន្ធនឹងខ្សែកាបក្រោមសមុទ្រក្នុងតំបន់បាល់ទិក ដោយនិយាយថា លោកខាងលិចប្រើប្រាស់ការអះអាងបែបនេះ ដើម្បីរារាំងការនាំចេញប្រេងពីសមុទ្ររបស់រុស្ស៉ី៕

