រដ្ឋមន្រ្តីការបរទេសអាម៉េរិក សរសើរលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជួយបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ ក្នុងរយៈពេល ៧២ម៉ោង

អាមេរិក៖ លោក Marco Rubio រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅថ្ងៃទី២៦ ខែសីហា បានសរសើរ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជួយបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ ក្នុងរយៈពេល ៧២ម៉ោង។ បើតាមលោក Marco Rubio វាជាសំណាងរបស់អាម៉េរិក ដែលមានលោក ត្រាំ ជាប្រធានាធិបតីផ្តោតអាទិភាពលើសន្តិភាព។
ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីអាម៉េរិកនៅថ្ងៃទី២៦ ខែសីហា លោក Marco Rubio រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានសរសើរលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅចំពោះមុខ ក្នុងការជួយកម្ពុជា និងថៃ ឱ្យមានបទឈប់បាញ់ ក្រោយជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ។
«វាមានសង្រ្គាមរវាងកម្ពុជា និងថៃ។ លោកប្រធានាធិបតីអាម៉េរិក គ្រាន់តែទាក់ទងតាមទូរសព្ទ ហើយប្រាប់ឱ្យឈប់ប្រយុទ្ធគ្នា។ ក្នុងរយៈពេល៧២ម៉ោង ការប្រយុទ្ធគ្នាត្រូវបានបញ្ឈប់»។ លោក Rubio បានបញ្ជាក់បែបនេះ ដោយបន្តថា វាជាសំណាងរបស់អាម៉េរិក ដែលមានមេដឹកនាំផ្តល់អាទិភាពដល់សន្តិភាព។
ជុំវិញការបញ្ឈប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប្រមុខការទូតអាម៉េរិក បានបន្ថែមថា គ្មានមេដឹកនាំណា អាចសម្រេចរឿងទាំងនោះបាន ដូចលោក ត្រាំឡើយ។
ជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ កើតមានក្រោយថៃ បានឈ្លានពានលើបូរណភាពទឹកដីរបស់កម្ពុជា។
ក្រោយមានបទឈប់បាញ់ កម្ពុជា និងថៃ បានឯកភាពឱ្យមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ (RBC) ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពវិលត្រឡប់មកវិញបានឆាប់រហ័ស៕
