ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារឥណ្ឌា (India-Eximbank) ដឹកនាំដោយលោក Sanjeev Kumar

ភ្នំពេញ÷នាព្រឹកថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Sanjeev Kumar ប្រធានប្រតិបត្តិធនាគារឥណ្ឌា (India-Eximbank) និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារឥណ្ឌា ព្រមទាំងបានថ្លែងអំណរគុណចំពោះធនាគារ India-Eximbank ក៏ដូចជារដ្ឋាភិបាលឥណ្ឌាសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការវិនិយោគជាមួយក្រសួងធនធានទឹក និងឧតុនិយមលើគម្រោងអភិវឌ្ឍន៍នានារួមមាន ទំនប់អាងទឹកតាសាល និងទំនប់ស្វាហាប់ ព្រមទាំងបានផ្តល់ជំនួយក្នុងការរៀបចំផែនការមេនៃស្ទឹងសៀមរាប និងការសិក្សាទឹកក្រោមដីក្នុងខេត្តកំពង់ស្ពឺ ដើម្បីធានានូវសន្តិសុខទឹក និងបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូធនាគារឥណ្ឌាពីចក្ខុវិស័យរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺទី១)ជំរុញការវិនិយោគប្រព័ន្ធធារាសាស្ត្រពេញលេញ បន្តស្តារនិងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាបាននូវសន្តិសុខទឹក ទី២)ពង្រឹង និងធ្វើទំនើបកម្មសេវាជលសាស្ត្រ និងឧតុនិយម រួមទាំងការព្យាករ និងប្រព័ន្ធប្រកាសអាសន្ន ទី៣)បង្កើត និងពង្រឹងក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់វិស័យធនធានទឹក និងឧតុនិយម ទី៤)ពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងការច្នៃប្រឌិត និង ទី៥)ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍នានា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយធនាគារឥណ្ឌា(India-Eximbank) ជាពិសេសលើការអនុវត្តគម្រោងវិនិយោគថ្មីៗបន្ថែមទៀត និងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ធនាគារក៏ដូចជារដ្ឋាភិបាលនៃប្រទេសឥណ្ឌាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

