រដ្ឋមន្ដ្រីអប់រំ អំពាវនាវឱ្យបេក្ខជនប្រឡងបាក់ឌុប គោរពបទបញ្ញត្តិនៃការប្រឡង និងថែរក្សាសុខភាពឱ្យបានល្អ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០២៥នេះទាំងអស់ គោរពបទបញ្ញត្តិនៃប្រឡង និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីជំរុញឱ្យដំណើរការនៃការប្រឡងមានភាពរលូន និងទទួលបានជោគជ័យ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា «ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ខ្ញុំសូមអំពាវនាវដល់ក្មួយៗ ជាបេក្ខជនទាំងអស់ សូមគោរពបទបញ្ញត្តិនៃការប្រឡង ឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវយកតាមខ្លួននូវឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទ សំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង និងបន្ទប់ប្រឡងជាដាច់ខាត ហើយមិនត្រូវប្រព្រឹត្តិសកម្មភាពផ្ទុយនឹងបទបញ្ញត្តិនានានៃការប្រឡងឡើយ។
ទន្ទឹមគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អំពាវនាវឱ្យបេក្ខជនទាំងអស់ខិតខំថែរក្សាអនាម័យ និងសុខភាពឱ្យបានល្អ ដោយត្រូវទទួលទានដំណេក បរិភោគអាហារ និងទឹកស្អាតឱ្យបានគ្រប់គ្រាន់ ជាពិសេសទទួលទានអាហារពេលព្រឹកឱ្យបានគ្រប់គ្រាន់ ដើម្បីមានភាពក្លាហាន មានអារម្មណ៍នឹងនរ ប្រកបដោយភាពជឿជាក់ និងប្រុងប្រយ័ត្នក្នុងពេលប្រឡង។ជាមួយគ្នានេះ បេក្ខជនប្រឡងទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរ ទៅនិងមកមណ្ឌលប្រឡង ដើម្បីជៀសវាងកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្ដមក៏សូមជូនពរបេក្ខជន ឱ្យទទួលបានលទ្ធផលល្អឱ្យបានគ្រប់ៗគ្នា ហើយចំពោះបេក្ខជនមកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សូមកុំឱ្យមានការព្រួយបារម្ភ ដោយក្រសួងនឹងផ្តល់ប្រាក់ឧបត្ថម្ភ និងមី ដល់បេក្ខជននៃខេត្តទាំងពីរ ដែលជាការជួយដល់ការហូបចុក និងស្នាក់នៅ និងដាក់ចេញនូវវិធានជួយដល់ពួកគេផងដែរ៕
