លោក Asaad al-Shibani រដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្នស៉ីរី ជួបគណៈប្រតិភូមួយក្រុមរបស់អ៉ីស្រាអែល ដើម្បីពិភាក្សាអំពីការជំរុញស្ថិរភាពក្នុងតំបន់ និងភាគខាងត្បូងស៉ីរី

ដាម៉ាស៖ សារព័ត៌មានរដ្ឋ SANA លោក Asaad al-Shibani ដែលជារដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្នស៉ីរី បានជួបគណៈប្រតិភូមួយក្រុមរបស់អ៉ីស្រាអែល នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការជំរុញស្ថិរភាពក្នុងតំបន់ និងភាគខាងត្បូងស៉ីរី។
បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រុមមន្ត្រី ស៉ីរី និង អ៉ីស្រាអែល បាន និង កំពុងចរចា គ្នា ដោយមានការសម្របសម្រួល ពីសហរដ្ឋអាមេរិក លើ ការ បន្ថយ ជម្លោះ នៅ ភាគ ខាង ត្បូង ប្រទេស ស៉ីរី។ ជំនួបនៅប៉ារីសកាលពីថ្ងៃអង្គារ ក៏មានពិភាក្សាអំពីការធ្វើឱ្យកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ ១៩៧៤ រវាងអ៉ីស្រាអែល និងស៉ីរី មានសកម្មភាពឡើងវិញ។ កិច្ចព្រមព្រៀងនេះ បង្កើតបានតំបន់ការពាររបស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ Golan Heights។
គួរបញ្ជាក់ថា ស៉ីរី និងអ៉ីស្រាអែល បានជួបគ្នាជាលើកទីពីរនៅក្នុងរដ្ឋធានីរបស់បារាំង ក្នុងរយៈពេលតិចជាងមួយខែ ក្រោយប្រទេសទាំងពីរ ឯកភាពបន្តការចរចារនៅខែកក្កដា៕
