រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ ការអះអាងរបស់ចិននៅក្នុងសមុទ្ទចិនខាងត្បូង និងភាពតានតឹងនៅក្នុងច្រកសមុទ្ទតៃវ៉ាន់ បង្កការគំរាមកំហែងដល់សន្តិសុខអន្តរជាតិ និងប៉ះពាល់ដល់អឺរ៉ុប

ប៊ែរឡាំង៖ លោក ចូហាន់ វ៉ាដេហ្វុល រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃពុធទី២០ ខែសីហាថា ការអះអាងរបស់ចិននៅក្នុងសមុទ្ទចិនខាងត្បូង និងភាពតានតឹងនៅក្នុងច្រកសមុទ្ទតៃវ៉ាន់ បង្កការគំរាមកំហែងដល់សន្តិសុខអន្តរជាតិ និងប៉ះពាល់ដល់អឺរ៉ុបផងដែរ។
លោក វ៉ាដេហ្វុល បាននិយាយនៅក្នុងសុន្ទរកថា នៅឯព្រឹត្តិការណ៍គោលនយោបាយការបរទេសមួយថា៖«ការបង្កើនការអះអាងផ្នែកយោធារបស់ចិននៅក្នុងសមុទ្ទចិនខាងត្បូង មិនត្រឹមតែគំរាមកំហែងដល់សន្តិសុខរបស់អាស៊ីប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិទាំងមូលផងដែរ»។
នៅឯច្រកសមុទ្ទតៃវ៉ាន់ រដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ការកើនឡើងនៃភាពតានតឹងនឹងមានផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខ និងវិបុលភាពពិភពលោក ហើយប៉ះពាល់ដោយផ្ទាល់ដល់ផលប្រយោជន៍អាល្លឺម៉ង់ និងអឺរ៉ុប។
គួរបញ្ជាក់ថា ចិនទាមទារស្ទើរតែទាំងស្រុងនូវសមុទ្ទចិនខាងត្បូង ខណៈហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់ ក៏បានទាមទារចំណុចត្រួតស៊ីគ្នាមួយចំនួនផងដែរ៕

