អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលសម្ភារ ស្បៀងអាហារ ពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកជួយឧបត្ថម្ភដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹក

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្ត បានទទួលសម្ភារ ស្បៀងអាហារ ពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកជួយឧបត្ថម្ភដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹក។
ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោកជំទាវ សរ សាអ៊ុំ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភ អង្ករ ១តោន ទឹកត្រី ៨០យួរ ទឹកសុីអុីវ ៨០កេស សៀង ២៧កេស និងត្រីខ ៥កេស ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់បែងចែកជូនដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹក នេះជាការរួមចំណែកយ៉ាងសំខាន់សម្រាប់កងកម្លាំងជួរមុខ និងជនភៀសសឹក។
សម្ភារ ស្បៀងអាហារ ដែលបានចូលរួមឧបត្ថម្ភនាពេលនេះ ចេញពីទឹកចិត្តដ៏ល្អថ្លៃថ្លា និងជាកម្លាំងញើសឈាមរបស់បងប្អូន ជាគំរូវីរភាព ដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់ការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងទុក្ខលំបាកពិតប្រាកដ ជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹក។
ឯកឧត្តមសូមប្រសិទ្ធពរ បវរសួស្តី និងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

