ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស ជួយធ្វើយុទ្ធនាការជាសកល ប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៥ នៅទីស្នាក់ការ អាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន អនុញ្ញាតឱ្យលោក Hans Risser នាយក អង្គការ ជំនួយរបស់ប្រជាពលរដ្ឋន័រវែស (NPA) ប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ។
ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បាន លើកឡើងថា ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែ កក្កដា ឆ្នាំ២០២៥ កន្លងនេះ យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលពិភពលោកហាមប្រាម ក្នុងនោះរួមទាំង ការប្រើប្រាស់គ្រាប់បែកចង្កោម ដើម្បីធ្វើការឈ្លានពាន មកលើទឹកដីប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត បន្តទៀតថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់យូរអង្វែងដល់ប្រជាជនកម្ពុជាស្លូតត្រង់ ជាពិសេសក្មេងតូចៗ ក៏ដូចបង្កភាពភ័យខ្លាចដល់សហគមន៍ជាច្រើនជំនាន់ទៅមុខ ទៀតផង។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ឯកឧត្ដម បណ្ឌិត លី ធុជ បានស្នើសុំ ឱ្យអង្គការ NPA នៃប្រទេសន័រវេស គាំទ្រ កម្ពុជា និងជួយធ្វើយុទ្ធនាការជាសកល ដើម្បី ប្រយុទ្ធប្រឆាំង នឹងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃមកលេីប្រទេសកម្ពុជា៕

