អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាបន្តអំពាវនាវយ៉ាងទទួចឱ្យភាគីថៃប្រគល់យុទ្ធជន១៨នាក់ ដែលថៃចាប់ទៅមកឱ្យកម្ពុជាវិញឆាប់ៗ

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី២ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តអំពាវនាវយ៉ាងទទួចដល់ភាគីថៃ ឲ្យប្រគល់យោធាកម្ពុជាចំនួន១៨នាក់ដែលថៃបានចាប់ទៅកាលពីព្រឹកថ្ងៃទី២៩ក្រោយមានកិច្ចព្រមព្រៀង បទឈប់បាញ់នោះមកកម្ពុជាវិញឲ្យបានឆាប់ និងប្រកបដោយសុខសុវត្ថិភាព បើទោះបីសព្វថ្ងៃនេះថៃអះ អាងថាពួកគាត់ទាំង១៨នាក់មានសុវត្ថិភាពក៏ដោយនោះ។
លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់រាជរដ្ឋាភិបាលកម្ពុជាយើងបានធ្វើការទំនាក់ទំនងចរចា និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតំពោះយោធិនកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃ ដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃធ្វើការដោះលែងពួកគាត់ឲ្យមកកម្ពុជាវិញឆាប់ៗស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។
សូមបញ្ជាក់ថាទាក់ទងនឹងវិរៈកងទ័ពកម្ពុជា ចំនួន១៨នាក់ដែលស្ថិននៅក្រោមការគ្រប់គ្រងរបស់ទាហានថៃនេះដែរ កាលពីម្សិលមិញអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជាបានស្នើឲ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេននោះឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។
លោកជំទាវក៏បានលើកឡើងទៀតថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈទាហាខ្មែរចំនួន១៨នាក់ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចារ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាលដើម្បីសុខសុវត្ថិភាពរបស់ពួកគេ៕
