កងទ័ពជើងទឹកអាម៉េរិក នឹងសាងសង់ទីតាំងចំនួនពីរសម្រាប់ជួសជុល និងថែទាំនាវាយោធាហ្វីលីពីន នៅក្នុងខេត្តទល់មុខនឹងសមុទ្ទចិនខាងត្បូង

ម៉ានីល៖ ស្ថានទូតអាម៉េរិក បានប្រកាសកាលពីថ្ងៃទី១៦កក្កដាថា កងទ័ពជើងទឹកអាម៉េរិក នឹងសាងសង់ទីតាំងចំនួនពីរសម្រាប់ជួសជុល និងថែទាំនាវាយោធាហ្វីលីពីន នៅក្នុងខេត្តទល់មុខនឹងសមុទ្ទចិនខាងត្បូង ជាកន្លែងដែលប្រឈមមុខដាក់គ្នារវាងឆ្មាំសមុទ្ទហ្វីលីពីន និងចិន បានផ្ទុះឡើងជាញឹកញយ។
គម្រោងនេះនឹងប្រព្រឹត្តទៅនៅឆ្នេរសមុទ្ទអយស្ទើរ Oyster និងទីក្រុងឃ្វីហ្សូន Quezon ក្នុងខេត្តប៉ាឡាវ៉ាន់ Palawan ភាគខាងលិច ដោយបន្ថែមថា ក្នុងគោលបំណងរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហ និងមានភាពធន់។ ខេត្តប៉ាឡាវ៉ាន់ គឺជាទីស្នាក់ការកណ្តាលនៃបញ្ជាការខាងលិចរបស់យោធាហ្វីលីពីន ដែលបានដាក់ពង្រាយនាវាល្បាតរបស់កងទ័ពជើងទឹក នាវាឃ្លាំមើល និងយន្តហោះដើម្បីការពារផលប្រយោជន៍ទឹកដីរបស់ខ្លួន។
វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់ ក៏បានជាប់ពាក់ព័ន្ធក្នុងជម្លោះទឹកដីដ៏រ៉ាំរ៉ៃនៅក្នុងផ្លូវទឹកដ៏មមាញឹក ដែលជាចំណុចមួយនៅក្នុងការប្រកួតប្រជែងឥទ្ធិពលក្នុងតំបន់រវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន។
រដ្ឋធានីវ៉ាស៊ីនតោន មិនបានទាមទារទឹកដីនៅក្នុងដែនទឹកនោះទេ ប៉ុន្តែបានបញ្ជាក់ម្ដងហើយម្ដងទៀត អំពីកាតព្វកិច្ចរបស់ខ្លួនដើម្បីការពារហ្វីលីពីន ប្រសិនបើកងកម្លាំងហ្វីលីពីន នាវា និងយន្តហោះត្រូវបានវាយប្រហារ រួមទាំងនៅក្នុងសមុទ្ទចិនខាងត្បូងផងដែរ។
កន្លងមកយោធាអាម៉េរិកបានសាងសង់ឃ្លាំង បន្ទាយ និងទីតាំងផ្សេងៗទៀតដាច់ដោយឡែកពីគ្នា នៅក្នុងជំរំយោធាហ្វីលីពីនចំនួនប្រាំបួន ជាកន្លែងដែលកងកម្លាំងអាម៉េរិកអាចស្នាក់នៅ និងស្តុកទុកអាវុធក្រោមកិច្ចព្រមព្រៀងការពារជាតិឆ្នាំ២០១៤។ មន្ត្រីចិន មិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីផែនការរបស់កងទ័ពជើងទឹកអាម៉េរិក ក្នុងការសាងសង់ទីតាំងទាំងពីរនៅក្នុងខេត្តប៉ាឡាវ៉ាន់នោះទេ ប៉ុន្តែពួកគេ បានចោទប្រកាន់ជាយូរមកហើយថា រដ្ឋធានីវ៉ាស៊ីនតោន បានរៀបចំផែនការជាមួយសម្ព័ន្ធមិត្ត ដើម្បីរាំងខ្ទប់ឥទ្ធិពលចិន៕
