លោក ត្រាំ យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ដែលរួមមាន ការទិញយន្តហោះ Boeing ចំនួន៥០គ្រឿង ជាថ្នូរនឹងការបន្ថយពន្ធមកត្រឹម១៩ភាគរយ

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃអង្គារទី១៥កក្កដាថា លោកបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ដែលរួមមាន ការទិញយន្តហោះ Boeing ចំនួន៥០គ្រឿង ជាថ្នូរនឹងការបន្ថយពន្ធមកត្រឹម១៩ភាគរយ។
លោក ត្រាំ បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ឥណ្ឌូណេស៊ីបានប្តេជ្ញាចិត្តទិញថាមពលរបស់អាម៉េរិកចំនួន១៥ពាន់លានដុល្លារ ផលិតផលកសិកម្មអាម៉េរិកចំនួន៤,៥ពាន់លានដុល្លារ និងយន្តហោះ Boeing ចំនួន៥០គ្រឿង។
បុរសសេដ្ឋកិច្ចរូបនេះអះអាងថា ជាលទ្ធផល ពន្ធ៣២ភាគរយលើទំនិញពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នឹងធ្លាក់ចុះដល់១៩ភាគរយ ខណៈការនាំចេញរបស់អាម៉េរិកទៅកាន់ប្រទេសឥណ្ឌូណេស៊ីនឹងមិនមានទាំងពន្ធគយ និងរបាំងមិនមែនពន្ធ។ កិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីលោក ត្រាំ បាននិយាយជាមួយលោក ប្រាបូវ៉ូ។
លោក ត្រាំ បានរៀបរាប់ថា ៖«កិច្ចព្រមព្រៀងដ៏សំខាន់នេះ បើកទីផ្សារទាំងមូលរបស់ឥណ្ឌូណេស៊ីទៅកាន់សហរដ្ឋអាម៉េរិកជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ។ ជាលើកដំបូងដែលមិនធ្លាប់មាន អ្នកចិញ្ចឹមសត្វ កសិករ និងអ្នកនេសាទរបស់យើងនឹងមានសិទ្ធិចូលប្រើប្រាស់ពេញលេញទៅកាន់ទីផ្សារឥណ្ឌូណេស៊ីជាង២៨០លាននាក់»។ ឥណ្ឌូណេស៊ីជាប្រទេសទី៣ បន្ទាប់ពីចក្រភពអង់គ្លេស ចិន និងវៀតណាម ក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមហាអំណាចសេដ្ឋកិច្ចលំដាប់ទី១ លើសាកលលោក។
លោក ស៊ូស៊ីវីចូណូ មូហ្គីយ៉ាសូ (Susiwijono Moegiarso) មន្ត្រីជាន់ខ្ពស់នៃក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក្នុងសារជាអក្សរថា៖«យើងកំពុងរៀបចំសេចក្តីថ្លែងការណ៍រួមមួយរវាងសហរដ្ឋអាម៉េរិក និងឥណ្ឌូណេស៊ី ដែលនឹងពន្យល់ពីទំហំនៃពន្ធទៅវិញទៅមកសម្រាប់ឥណ្ឌូណេស៊ី រួមទាំងកិច្ចព្រមព្រៀងពន្ធគយ មិនមែនពន្ធគយ និងការរៀបចំពាណិជ្ជកម្ម។ យើងនឹងជូនដំណឹងដល់សាធារណជនក្នុងពេលឆាប់ៗនេះ»។
ឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មកំពូលទី២៣របស់អាម៉េរិក។ យោងតាមការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក សហរដ្ឋអាម៉េរិក និងឥណ្ឌូណេស៊ី បានជួញដូរទំនិញប្រមាណ៣៨,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ។ សហរដ្ឋអាម៉េរិក បានរាយការណ៍ពីឱនភាពពាណិជ្ជកម្មទំនិញចំនួន១៧,៩ពាន់លានដុល្លារជាមួយប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំនោះ៕
