ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបពិភាក្សាការងារ និងពិសារអាហារពេលល្ងាចជាមួយឯកឧត្តម ឈិន ចូវ (Chen Zhou )

ភ្នំពេញ៖ថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងការបរទេស អញ្ជើញជួបពិភាក្សាការងារ និងពិសារអាហារពេលល្ងាចជាមួយឯកឧត្តម ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ មជ្ឈិមបក្សកុម្មុយនីស្តចិន។
ភាគីមិត្តចិនបានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងនិងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តលើកកម្ពស់នូវទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ស្របតាមស្មារតីកុងសង់ស៊ីសនៃថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្របកដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ព្រមទាំងប្តេជ្ញាបន្តអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។
ភាគីទាំងពីរបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជននិងប្រជាជន មានសារៈសំខាន់ណាស់ក្នុងដំណើរឆ្ពោះទៅសម្រេចបានអរិយធ៌មសកលដើម្បីសន្តិភាព និងវិបុលភាពរួមសម្រាប់មនុស្សជាតិ។

