ការវាយប្រហារតាមផ្លូវអាកាសទៅលើវត្តព្រះពុទ្ធមួយកន្លែងក្នុងតំបន់សាហ្គាំង ភាគកណ្តាលប្រទេសភូមា បានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់

ណៃពិដោ៖ យោងតាមសមាជិកនៃក្រុមតស៊ូប្រឆាំងរបបសឹក បានបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសទៅលើវត្តព្រះពុទ្ធមួយកន្លែងក្នុងតំបន់សាហ្គាំង ភាគកណ្តាលរបស់ប្រទេសភូមា បានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់ ដែលកំពុងស្នាក់នៅក្នុងបរិវេណនោះ។
ការវាយប្រហារតាមអាកាសពេញមួយយប់ទៅលើវត្តនៅក្នុងភូមិលីនតាលូ ក្នុងសង្កាត់សាហ្គាំង ក្នុងតំបន់ សាហ្គាំង បានធ្វើឱ្យមនុស្សប្រហែល៣០នាក់ផ្សេងទៀតរងរបួស ក្នុងនោះ១០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សមាជិកនៃក្រុមតស៊ូ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Associated Press ថា ជនស៊ីវិល២៣នាក់រួមទាំងកុមារ៤នាក់ត្រូវបានសម្លាប់បន្ទាប់ពីយន្តហោះចម្បាំងទម្លាក់គ្រាប់បែកនៅម៉ោងប្រហែល១រំលងអាធ្រាត្រ(ម៉ោងនៅមីយ៉ាន់ម៉ា) នៅលើកុដិមួយនៅក្នុងវត្តដែលមានមនុស្សជាង១៥០នាក់មកពីភូមិក្បែរនោះជ្រកកោន ដើម្បីជៀសវាងការប្រយុទ្ធគ្នានៅក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ប្រព័ន្ធ ផ្សព្វផ្សាយ ឯករាជ្យ នៃ សំឡេង ប្រជាធិបតេយ្យ ភូមា តាម អ៊ីនធឺណិត បាន រាយការណ៍ ថា ចំនួន អ្នក ស្លាប់ អាច មាន ដល់ ទៅ៣០នាក់ ។ យោធា មិន ធ្វើ អត្ថាធិប្បាយ ភ្លាមៗ អំពី ឧបទ្ទវហេតុ នៅ វត្ត ដែល មាន ទីតាំង ប្រហែល៣៥គីឡូម៉ែត្រ ភាគ ពាយព្យ នៃ ទីក្រុងម៉ាន់ដាលេយ្យ ដែលជា ទីក្រុង ធំ ទីពីរ របស់ ប្រទេស នេះ ទេ។ មីយ៉ាន់ម៉ា ឬភូមា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីកងទ័ពដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ២០២១ បង្កឱ្យមានសង្រ្គាមស៊ីវិល។
យោធាបើកការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើង ដើម្បីទប់ទល់នឹងកងកម្លាំងប្រឆាំង រួមទាំងកងកម្លាំងការពារប្រជាជនប្រដាប់អាវុធនៅក្នុងតំបន់ សាហ្គាំង ជាទីតាំងរឹងមាំនៃការតស៊ូប្រដាប់អាវុធ។
ការវាយប្រហារលើវត្តអារាមកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីទាហានរបបសឹករាប់រយនាក់ចូលរួមក្នុងការវាយលុកជាមួយរថក្រោះ និងយន្តហោះជាច្រើនគ្រឿងនៅក្នុងតំបន់ដែលមានចម្ងាយប្រហែល៥គីឡូម៉ែត្រពីភូមិលីនតាលូ ដើម្បីដណ្តើមយកទឹកដីដែលគ្រប់គ្រងដោយក្រុមតស៊ូ។ មនុស្សរាប់ពាន់នាក់មកពីភូមិក្បែរនោះ ត្រូវបានផ្លាស់ទីលំនៅទៅកាន់ទីប្រជុំជន និងភូមិផ្សេងទៀត រួមទាំងភូមិលីនតាលូផងដែរ៕
