អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ កសិផលកម្ពុជា ប្រមាណជាង ៣០០ ប្រភេទ ដែលអាចនាំ ចេញ ទៅ លក់ នៅប្រទេសចិន

ភ្នំពេញ៖ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កសិផលកម្ពុជា ប្រមាណជាង ៣០០ ប្រភេទ ដែលអាចនាំ ចេញ ទៅ លក់ នៅប្រទេសចិន ខណៈនេះកម្ពុជា ក៏កំពុង សម្លឹងមើល ពីឱកាសនៃការពង្រីកទំហំនាំចេញ ទៅកាន់ ទីផ្សារប្រទេសចិន ថែមទៀតដែរ។
ឯកឧត្តម ប៉ែន សុវិជាតិ បាន ប្រាប់ បណ្ដាញសារព័ត៌មានថា ក្នុងចំណោម ផលិតផល កសិកម្មទាំងជាង៣០០មុខ កម្ពុជា មានកូតានាំអង្ករចេញទៅរហូតដល់ ៥០ម៉ឺនតោន ក្នុងមួយឆ្នាំ។
ឯកឧត្តមបញ្ជាក់ថា ផលិតផលកសិកម្មសំខាន់ៗដែលកម្ពុជានាំចេញទៅ កាន់ទីផ្សារ ប្រទេសចិន រួមមាន ដំឡូងមី ស្វាយចន្ទី ផ្លែចេក ស្វាយកែវរមៀត ទុរេនស្រស់ និង មៀនប៉ៃលិន រួមជាមួយនឹងទំនិញសំខាន់ៗជាច្រើនទៀត ជាពិសេសជាងគេ គឺអង្ករ ដែលប្រទេសចិន បាន ផ្តល់ កូតានាំអង្ករពីកម្ពុជា ច្រើន បំផុតរហូតដល់៥០ ម៉ឺនតោនក្នុង មួយឆ្នាំ។
សូមជម្រាបជូនថា កម្ពុជា និង ចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី កាលពីអំឡុងខែមករា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀង នេះបានអនុញ្ញាតឱ្យ កម្ពុជានាំផលិតផល កសិកម្មរបស់ខ្លួន ទៅលក់ នៅលើ ទីផ្សារប្រទេស ចិនជាង៣០០ មុខ។ ដោយឡែក ប្រទេសចិន អាចនាំទំនិញមួយចំនួនចូលមកទីផ្សារកម្ពុជា ក្នុងនោះរួមមាន សម្ភារៈសំណង់ វត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរ ផលិត ផលស្បែក ផលិតផលចំណីអាហារ ផ្លែឈើ គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម។ ក្រៅពីនាំចេញទៅចិនកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួនទៀតទាំងនៅអាស៊ី និងអ៊ឺរ៉ុប ដូចជា កូរ៉េ ហ្វីលីពីន ឥណ្ឌូនេស៊ី ។ ចំណែកអង្ករក្រអូបមានទី ផ្សារនៅ សហភាពអឺរ៉ុប ដូចជានៅ ប្រទេសហូឡង់ ហ្វាង់ឡង់ ដាណាម៉ាក់ និងបណ្តាប្រទេសអាហ្វ្រិក៕
