ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ នៅសង្កាត់រតនៈ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង!

បាត់ដំបង៖ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង ដឹកនាំដោយលោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ (ភ្លើងឆេះផ្ទះ)ចំនួន១ គ្រួសារ កាលពីវេលាម៉ោង១៥:៣៥នាទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ស្ថិតនៅត្រង់ចំណុចក្រុមទី ១៣ ភូមិ សូភី២ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសនោះ លោក លាង វាសនា ប្រធានអនុសាខាក្រុង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើត ឡើងដោយ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសារងគ្រោះ។
ជាកិច្ចឆ្លើយតប លោកស្រី មោះ អឿ អាយុ៦២ឆ្នំាជាគ្រួសាររងគ្រោះបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹក នាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងែបានយក ចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពល រដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។
អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងផ្តល់ជូនក្នុង១គ្រួសាររួមមាន៖ អំណោយរួមមាន ៖ អង្ករ ៥០គីឡូក្រាម , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ត្រីខ ២យួរ, មី ១កេស, ទឹកសុទ្ធ៧យួរ សំពត់កៅស៊ូទំហំ៣,៥០ម៉ែត្រ x ៥,៦០ម៉ែត្រ ចំនួន១ និងថវិកាចំនួន ២០០,០០០ ផងដែរ៕

