សម្តេចធិបតី អញ្ជើញជួបសំណេះសំណាល និងពិសារភោជនាហាសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច-មធ្យម និងសិប្បកម្មកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និង សិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម។
សូមរំលឹកថា នេះជាលើកទី៤ហើយ ដែលសមាគមមូលនិធិសម្តេចតេជោ បានរៀបចំពិធីពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ហើយកម្មវិធីឆ្នាំនេះ ក៏ដើម្បីចូលរួមអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២» ក្រោមប្រធានបទ «ការត្រៀមលក្ខណៈ របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (MSMEs Readiness for LDC Graduation)» ផងដែរ។
គូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ជាការលើកទឹកចិត្តដ៏សំខាន់ និងជាការផ្តល់តម្លៃដល់សហគ្រាសធុនមីក្រូ តូច និង មធ្យមនៅកម្ពុជា ចំពោះការរួមចំណែកបង្កើតការងារ ជំរុញការកែច្នៃ ពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាស្ថាប័នបង្គោល ដឹកនាំសម្របសម្រួល៕

