សម្តេចតេជោទម្លាយថា លោក ថាក់ស៊ីន អត់មានឈឺអីទេ ហើយឧបករណ៍ដែលយកទៅពាក់ក និងដៃ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានទម្លាយថា លោក ថាក់ស៊ីន សម្ដែងធ្វើជា «គ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនសម្ដែង» ដើម្បីគេចផុតពីដំណើរការក្ដីនៅតុលាការលើសំណុំរឿងជាច្រើន។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ទម្លាយថា នៅពេលសម្ដេចទៅសួរសុខទុក្ខថាក់ស៊ីន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន គ្មានឈឺជំងឺអ្វីឡើយ ប៉ុន្តែពេលថតរូបជាមួយសម្ដេច បែជាយកសម្ភារៈអ្នកជំងឺមកពាក់បំភាន់ភ្នែកពលរដ្ឋ និងសមត្ថកិច្ចថៃ។
សម្ដេចតេជោ ទម្លាយថា មូលហេតុដែលសម្ដេចទើបទម្លាយនៅពេលនេះ គឺព្រោះតែពេលសម្ដេចដឹងភ្លាមៗ សម្ដេចគោរពគុណធម៌ ទើបមិនទម្លាយ ហើយមូលហេតុដែលទម្លាយនៅពេលនេះ គឺដោយសារតែកូនស្រីរបស់ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីខ្វះគុណធម៌៕

