សម្តេចធិបតី អំពាវនាវដល់បងប្អូនអ្នកលក់ដូរកុំឆ្លៀតឱកាសដំឡើងថ្លៃ ក្នុងពេលប្រទេសជាតិមានបញ្ហា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអំពាវនាវដល់បងប្អូនអ្នកលក់ដូរកុំឆ្លៀតឱកាសដំឡើងថ្លៃ ក្នុងពេលប្រទេសជាតិមានបញ្ហា។
ក្នុងឳកាសអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផលិតផលរបស់យើងបច្ចុប្បន្នមានសមត្ថភាពផលិតដោយខ្លួនឯងបាននៅក្នុងស្រុក និងសូមចូលរួមអបអរនិងការចូលរួមគាំទ្រនូវផលិតផលខ្មែរនេះ ជាស្មារតីខ្មែរជួយខ្មែរ ក្នុងពេលលំបាក។
ក្នុងឳកាសនោះដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់យុវជនរបស់យើងត្រូវបន្តធ្វើឱ្យបានល្អពីយុវជនជំនាន់មុន ដែលបានកសាងមូលដ្ឋានច្រើនណាស់សម្រាប់ប្រទេសជាតិយើង ដូចនេះយុវជនត្រូវបន្តថែរក្សាពង្រីកសមត្ថភាពនេះឲ្យកាន់តែខ្លាំងសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ៕

