ម៉ាឡេស៊ី កំពុង ពិចារណា សាងសង់ ជញ្ជាំង ព្រំដែន ជាមួយ ប្រទេស ថៃ ដើម្បី ទប់ស្កាត់ ការជួញដូរ គ្រឿងញៀន ខុសច្បាប់

បាងកក៖ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក សាមស៊ូល អានួរ ណាសារ៉ាហ៍ (Shamsul Anuar Nasarah) បានអះអាងថា រាជរដ្ឋាភិបាល ម៉ាឡេស៊ី កំពុង ពិចារណា សាងសង់ ជញ្ជាំង ព្រំដែន ជាមួយ ប្រទេស ថៃ ដើម្បី ទប់ស្កាត់ ការជួញដូរ គ្រឿងញៀន ខុសច្បាប់ និង សកម្មភាព ផ្សេងទៀត ដែល កំពុង ញាំញី នៅតំបន់ព្រំដែន។
លោក សាមស៊ូល អានួរ ណាសារ៉ាហ៍ បញ្ជាក់ថា ការសាងសង់ជញ្ជាំងក្នុងរដ្ឋកេឡាន់តាន់ គឺជាជម្រើសមួយក្នុងការធានាសុវត្ថិភាពព្រំដែនជាមួយខេត្តណារ៉ាត់ធីវ៉ាត់។ លទ្ធភាពផ្សេងទៀត រួមមាន ការដំឡើងកាមេរ៉ាសុវត្ថិភាព និងការប្រើប្រាស់ឧបករណ៍ឃ្លាំមើលផ្សេងទៀត។ នេះបើតាមសារព័ត៌មាន Bernama បានរាយការណ៍កាលពីថ្ងៃសុក្រទី២០ ខែមិថុនា។
សារព័ត៌មានរដ្ឋម៉ាឡេស៊ីបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា ៖«អ្វីៗទាំងអស់នេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ ហើយសកម្មភាពនឹងត្រូវធ្វើឡើងតាមតម្រូវការ និងទីតាំងជាក់ស្តែង»។
សេចក្តីថ្លែងការណ៍របស់លោក សាមស៊ូល ធ្វើឡើងបន្ទាប់ពីរដ្ឋបាលក្នុងរដ្ឋកេឡាន់តាន់ បានអំពាវនាវឱ្យរាជរដ្ឋាភិបាលកណ្តាលនៅរាជធានីគូឡាឡាំពួរ សាងសង់ជញ្ជាំងព្រំដែនដើម្បីបង្ក្រាប និងទប់ស្កាត់សកម្មភាពខុសច្បាប់។ អនុរដ្ឋមន្ត្រីមហាផ្ទៃម៉ាឡេស៊ីរូបនេះបានសង្កត់ធ្ងន់ថា ៖«អ្វីដែលសំខាន់គឺការធានាឱ្យព្រំដែនជាតិរបស់យើងពិតជាមានសុវត្ថិភាព ការត្រួតពិនិត្យយ៉ាងល្អ និងមិនងាយរងការរំលោភបំពាន»។
គួរបញ្ជាក់ថា រដ្ឋកេឡាន់តាន់ ដែលខណ្ឌចែកព្រំដែនជាមួយខេត្តណារ៉ាធីវ៉ាត់ របស់ប្រទេសតាមដងទន្លេកូឡុក(Kolok) កំពុងដំណើរការយុទ្ធនាការប្រឆាំងនឹងការរត់ពន្ធខុសច្បាប់ ពលករចំណាកស្រុកខុសច្បាប់ បញ្ហាគ្រឿងញៀន អំពើឬទំនិញខុសច្បាប់ផ្សេងទៀតឆ្លងកាត់ទន្លេពីប្រទេសថៃ៕
