ក្រុមហ៊ុន Amazon អាចនឹងកាត់បន្ថយ ចំនួនបុគ្គលិក ដោយសារការប្រើប្រាស់បច្ចេកវិទ្យា AI

បរទេស៖ លោក Andy Jassy នាយក ប្រតិបត្តិ នៃ ក្រុមហ៊ុនលក់រាយអនឡាញ បានបញ្ជាក់ថា ក្រុមហ៊ុន Amazon អាច នឹង កាត់បន្ថយចំនួនបុគ្គលិកសរុបក្នុងរយៈពេល ប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារ ការ ប្រើប្រាស់ បច្ចេកវិទ្យា AI (Generative AI) និង ភ្នាក់ងារ ស្វ័យប្រវត្តិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
បញ្ញាសិប្បនិម្មិត (AI) កំពុងតែផ្លាស់ប្តូរទម្រង់ កម្លាំងពលកម្មសកលយ៉ាងខ្លាំងដោយ ស្វ័យប្រវត្តិកម្មលើកិច្ចការប្រចាំថ្ងៃ និង កិច្ចការ ដដែលៗ ហើយ CEO ក្រុមហ៊ុន Amazon រំពឹង ថា នេះ នឹង ជំរុញ ឱ្យ មាន ការ កាត់ បន្ថយ ឬ ការ ផ្លាស់ប្តូរ តួនាទី មួយ ចំនួន នៅ ទូទាំង ឧស្សាហកម្ម។ ទោះបីជា មាន ភាព មិន ប្រាកដប្រជា ក៏ដោយ អ្នក ជំនាញ ជាច្រើន យល់ ស្រប ថា AI នឹង មិន នាំ ឱ្យ មាន ការ បាត់បង់ ការងារ ទ្រង់ទ្រាយ ធំ នោះ ទេ ប៉ុន្តែ ផ្ទុយទៅវិញ នឹង នាំ ឱ្យ មាន ការ រៀបចំ កម្លាំង ពលកម្ម ឡើងវិញ។
លោក Jassy បានថ្លែងថា៖ «នៅ ពេល ដែល យើង ប្រើប្រាស់ Generative AI និង ភ្នាក់ងារ កាន់ តែ ច្រើន វា គួរតែ ផ្លាស់ប្តូរ របៀប នៃ ការងារ របស់ យើង។ យើង នឹង ត្រូវ ការ បុគ្គលិក តិច ជាង មុន សម្រាប់ ការងារ មួយ ចំនួន ដែល កំពុង ធ្វើ សព្វថ្ងៃ ហើយ ត្រូវ ការ បុគ្គលិក ច្រើន ជាង មុន សម្រាប់ ការងារ ប្រភេទ ផ្សេង ទៀត»។ Amazon មាន បុគ្គលិក ពេញ ម៉ោង និង ក្រៅ ម៉ោងសរុប ជាង ១.៥ លាន នាក់ នៅ ចុង ឆ្នាំ មុន ហើយបច្ចុប្បន្នកំពុង ប្រើប្រាស់ AI ដើម្បី បង្កើន ប្រសិទ្ធភាព ប្រតិបត្តិការ ការ គ្រប់គ្រង ទំនិញ ក្នុង ស្តុក និង ការ កែលម្អ សេវាកម្ម អតិថិជន។
គួរជម្រាបថា អ្នកវិភាគម្នាក់មកពីក្រុមហ៊ុន D.A. Davidson លោក Gil Luria បាន លើក ឡើង ថា Amazon កំពុង បង្ហាញ ពី និន្នាការ ដែល ក្រុមហ៊ុន បច្ចេកវិទ្យា ដទៃ ក៏ កំពុង ជួប ដែរ គឺ ថា AI កំពុង បង្កើន ផលិតភាព យ៉ាងឆាប់រហ័សរហូតដល់ តម្រូវការ ជួល បុគ្គលិក ថ្មី នឹង ថយ ចុះ តាម ពេលវេលា។ តួនាទី ដែល ទទួល រង ឥទ្ធិពល ខ្លាំង ជាង គេ គឺ ផ្នែក អភិវឌ្ឍន៍ កម្មវិធី ដែល មាន ការ ថយ ចុះ ការ ជួល គួរ ឱ្យ កត់ សម្គាល់។ ក្រុមហ៊ុន បច្ចេកវិទ្យា ធំៗ ផ្សេង ទៀត ដូចជា Microsoft និង Google ក៏ បាន កាត់ បន្ថយ បុគ្គលិក ដែរ ខណៈ ដែល កំពុង ប្រើប្រាស់ AI កាន់ តែ ច្រើន ឡើង ដើម្បី សរសេរ កូដ សម្រាប់ ផលិតផល និង ប្រតិបត្តិការផ្ទៃក្នុង៕

