ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ៖ សម្តេចធិបតី បានបញ្ជាក់នៅចំពោះមុខមេដឹកនាំ ក្នុងសន្និសីទ អង្គការសហប្រជាជាតិស្តីពី មហាសមុទ្រលើកទី៣ ថាយើងមិនអាចឱ្យសមុទ្រស្លាប់បានទេ យើងត្រូវតែរួមគ្នាការពារសមុទ្រ

ភ្នំពេញ៖ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅចំពោះមុខមេដឹកនាំជាច្រើនប្រទេស ក្នុងសន្និសីទ អង្គការសហប្រជាជាតិស្តីពី មហាសមុទ្រលើកទី៣ ថាយើងមិនអាចឱ្យសមុទ្រស្លាប់បានទេ យើងត្រូវតែរួមគ្នាការពារសមុទ្រ។
ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា មហាសមុទ្រមិនអាចទ្រហោយំ រៀបបរាប់ពីការឈឺចាប់របស់វាបានទេ និងអំពាវនាវឱ្យមានសកម្មភាពរួមប្រកបដោយក្តីក្លាហាន ឱ្យមានការបង្រួបបង្រួមគ្នា ប្រកបដោយភាពម៉ឹងម៉ាត់ ដើម្បីសមុទ្រ ដើម្បីប្រជាជន និងដើម្បីមនុស្សជំនាន់ក្រោយ។
ការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទ អង្គការសហប្រជាជាតិ ស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ថ្មីៗនេះ នៅទីក្រុងនីស ប្រទេសបារាំង។
ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចដោយជោគជ័យជូនជាតិឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានបញ្ជាក់ថា នៅក្នុងឱកាសថ្លែងសន្ទរកថានៅទីក្រុងនីស សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្លឺសំលេងរបស់កម្ពុជា ដើម្បីទាញសញ្ញាអាសន្ន ដោយបានលើកជាសំណួរ ថាតើពិភពលោកបច្ចុប្បន្ន នៅបន្តពងើយកន្តើយ មិនយកចិត្តទុកដាក់ចំពោះមហាសមុទ្រ ឬក៏ត្រូវផ្តើមប្រកៀកស្មាររួបរួមគ្នា ការពារមហាសមុទ្រ?។
ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានគូសបញ្ជាក់ប្រាប់ទៅថ្នាក់ដឹកនាំពិភពលោកបានបានដឹងយ៉ាងច្បាស់ថា ជាច្រើនឆ្នាំមកនេះកម្ពុជា បានសម្រេចចិត្តរួចជាស្រេចក្នុងកិច្ចការពារសមុទ្ររបស់ខ្លួន ជាក់ស្តែងក្នុងន័យនេះកម្ពុជា បានទុកបម្រុងថវិកាមួយកញ្ចប់សម្រាប់អំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០៣០ ដើម្បីអភិរក្សដែនសមុទ្រ របស់ខ្លួនគាំទ្រគំនិតផ្តួចផ្តើមប្រឆាំងនឹងការនេសាទខុសច្បាប់ និងគ្រប់គ្រងជលផល ប្រកបដោយចីរភាព។ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតតំបន់ការពារដែនសមុទ្រ នៅតំបន់កោះរ៉ុង និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការតំបន់ដើម្បីជីវៈចម្រុះសមុទ្រ៕

