ជប៉ុនបានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿង ត្រូវបានមើលឃើញ ធ្វើប្រតិបត្តិការព្រមពេលជាមួយគ្នា នៅតំបន់មហាសមុទ្រប៉ាស៉ីហ្វិកជាលើកដំបូង

បរទេស៖នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ជប៉ុនបានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿង ត្រូវបានមើលឃើញ ធ្វើប្រតិបត្តិការព្រមពេលជាមួយគ្នា នៅតំបន់មហាសមុទ្រប៉ាស៉ីហ្វិកជាលើកដំបូង ខណៈដែលទីក្រុងប៉េកាំង ប្រឹងប្រែងបង្កើនសមត្ថភាពទ័ពជើងទឹក ដើម្បីធ្វើប្រតិបត្តិការនៅតំបន់ដែលស្ថិតឆ្ងាយពីឆ្នេររបស់ខ្លួន។
ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា កាលពីថ្ងៃចន្ទ នាវាផ្ទុកយន្តហោះចម្បាំង Shandong និងនាវាយោធាអមដំណើរ៤គ្រឿង បានបើកកាត់ដែនទឹកសេដ្ឋកិច្ចរបស់ជប៉ុន ជុំវិញតំបន់ថ្មប៉ប្រះទឹកដាច់ស្រយាល Okinotori នៅឯមហាសមុទ្រប៉ាស៉ីហ្វិក។
កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិជប៉ុន ក៏បានឱ្យដឹងដែរថា នាវាផ្ទុកយន្តហោះចម្បាំងចិន១គ្រឿងទៀតឈ្មោះ Liaoning ព្រមទាំងក្រុមនាវាអមដំណើរ បានបើកកាត់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុននៅប៉ាស៉ីហ្វិក កាលពីចុងសប្តាហ៍កន្លងទៅនេះ មុនចាកចេញទៅវិញ ដើម្បីធ្វើការហ្វឹកហ្វឺនពាក់ព័ន្ធយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធា។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិជប៉ុន វាគឺជាលើកដំបូង ដែលនាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿង ត្រូវបានប្រទះឃើញធ្វើប្រតិបត្តិការ ព្រមពេលជាមួយគ្នាបែបនេះ នៅមហាសមុទ្រប៉ាស៉ីហ្វិក។ ទីក្រុងតូក្យូវាយតម្លៃថា យោធាជើងទឹកចិន កំពុងព្យាយាមពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការ នៅក្នុងតំបន់ឆ្ងាយៗពីឆ្នេរនៃប្រទេសរបស់ខ្លួន៕
