រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ កងទ័ពកម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កងទ័ពកម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា។
តាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី៨ ខែមិថុនានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានឱ្យដឹងយ៉ាងដូច្នេះថា “ថ្ងៃនេះ យើងរកបានចំនុចកណ្តាលមួយ ដែលកងទ័ពយើងទាំងពីរ បានឯកភាពគ្នាក្នុងការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងសម្រួលឲ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន។
កងទ័ពកម្ពុជា គឺឈរលើដែនអធិបតេយ្យភាពក្នុងកិច្ចការការពារបូរណភាពទឹកដីរបស់ខ្លួន ការចល័តកម្លាំងនៅតាមបណ្តាព្រំដែនគឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ កម្ពុជាមិនមានមហិច្ឆតាឈ្លានពានប្រទេសណាមួយនោះឡើយ”៕

