អ៊ុយក្រែន វាយប្រហារផ្លូវ និងស្ពានតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមៀវ ដោយប្រើគ្រឿងផ្ទុះក្រោមទឹក

កៀវ៖ សេវាសន្តិសុខ SBU របស់ប្រទេសអ៊ុយក្រែន បានអះអាងកាលពីថ្ងៃទី៣ ខែមិថុនាថា ខ្លួនបានវាយប្រហារផ្លូវ និងស្ពានតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមៀវ ដោយប្រើគ្រឿងផ្ទុះក្រោមទឹក។
នៅក្នុងសេចក្តីថ្លែងការណ៍ SBU បានឱ្យដឹងថា ខ្លួនបានប្រើប្រាស់គ្រឿងផ្ទុះចំនួន ១១០០គីឡូក្រាម ដោយបំផ្លាញបង្គោលស្ពាន ជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នាពេលកន្លងមក។ រុស្ស៊ីបានឱ្យដឹងថា ប្រតិបត្តិការរបស់ស្ពាន នេះ ត្រូវ បាន ផ្អាក រយៈពេល ៣ម៉ោង ចន្លោះ ពី ម៉ោង ៤ ដល់ ម៉ោង ៧ ព្រឹក ម៉ោង ក្នុងស្រុក ។
ក្រោយមកស្ពាននេះត្រូវបានបើកឡើងវិញ ហើយកំពុងដំណើរការ ជា ធម្មតា។ SBU បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«កាលពីមុនយើងបានវាយប្រហារស្ពានគ្រីមៀពីរដងក្នុងឆ្នាំ២០២២ និង២០២៣។ ដូច្នេះ លើកនេះ យើងប ន្តប្រពៃណីនេះ ដោយធ្វើការវាយប្រហារក្រោមទឹក»! SBU បន្ថែមថា ប្រតិបត្តិការត្រូវបានរៀបចំក្នុងរយៈពេលជាច្រើនខែ។
ស្ពានគ្រីមៀប្រវែង១៩គីឡូម៉ែត្រ គឺជាការតភ្ជាប់ដោយផ្ទាល់តែមួយគត់ រវាងបណ្តាញដឹកជញ្ជូនរបស់រុស្ស៊ី និងឧបទ្វីបគ្រីមៀ ដែលរដ្ឋធានីម៉ូស្គូបានកាត់ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤។ ស្ពាននេះ គឺជាគម្រោងដ៏អស្ចារ្យសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន ហើយត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ី ក្នុងអំឡុងពេលការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
