សម្ដេចធិបតី៖ ទោះបីភាគីថៃមិនព្រមទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ កម្ពុជានៅតែប្ដឹងទៅកាន់តុលាការ ICJ ដែរ ដើម្បីឱ្យដាច់ស្រេចតែម្ដង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា បើទោះបី ភាគីថៃមិនព្រមទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ កម្ពុជាក៏នៅតែប្ដឹងយក បញ្ហានៅមុំ៣, បញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, តាក្របី ទៅកាន់តុលាការ ICJ ដែរ ដើម្បីឱ្យដាច់ស្រេចតែម្ដង។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជា នៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព។
ជាមួយគ្នានេះ ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រឈមមុខបញ្ហាព្រំដែនជាមួយថៃនេះ សម្ដេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើសកម្មភាពណានាំឱ្យប៉ះពាល់ដល់ទឹកចិត្តកម្ពុជា ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលនេះ គឺជាពេលរួបរួមគ្នា សាមគ្គីគ្នា ដើម្បីការពារជាតិ ការពារទឹកដី មិនមែនជាពេលកេងចំណេញនយោបាយនោះទេ៕

