ការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិករបស់មហាយក្សចិន បានធ្លាក់ចុះទាបជាងចក្រភពអង់គ្លេសជាលើកដំបូង ចាប់តាំងពីដើមសតវត្សរ៍នេះ
វ៉ាស៊ីនតោន៖ ការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិករបស់មហាយក្សចិន បានធ្លាក់ចុះទាបជាងចក្រភពអង់គ្លេសជាលើកដំបូង ចាប់តាំងពីដើមសតវត្សរ៍នេះ ដោយបានគូសបញ្ជាក់ពីការផ្លាស់ប្ដូរជាបន្តបន្ទាប់នៅក្នុងការគ្រប់គ្រងទុនបម្រុងបរទេសរបស់រដ្ឋធានីប៉េកាំង។
មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិករបស់មហាយក្សចិន ធ្លាក់ចុះមកនៅត្រឹម ៧៦៥ពាន់លានដុល្លារនៅចុងខែមីនា ធ្លាក់ចុះពីចំនួន៧៨៤ពាន់លានដុល្លារកាលពីខែមុន ខណៈចក្រភពអង់គ្លេសកើនឡើងជិត៣០ពាន់លានដុល្លារដល់ចំនួនសរុប ៧៧៩ពាន់លានដុល្លារ។ នេះធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាម្ចាស់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិកធំជាងគេទីពីរបន្ទាប់ពីជប៉ុន។ វាជាលើកដំបូងដែលបណ្ណបំណុលរបស់ចក្រភពអង់គ្លេសខ្ពស់ជាងចិន ចាប់តាំងពីខែតុលា ឆ្នាំ២០០០ និងជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា ចិនកំពុងស្វែងរកការធ្វើពិពិធកម្មបន្តិចម្ដងៗពីទ្រព្យសម្បត្តិរបស់សហរដ្ឋអាម៉េរិក។
រដ្ឋធានីប៉េកាំង បាននិងកំពុងកាត់បន្ថយការកាន់កាប់បណ្ណបំណុលរតនាគារអាម៉េរិកជាបណ្តើរៗពីកម្រិតកំពូលជាង១,៣ទ្រីលានដុល្លារក្នុងឆ្នាំ២០១១ ដោយបង្វែរទៅជាទ្រព្យសម្បត្តិផ្សេងទៀត រួមទាំងមូលបត្របំណុលរបស់ទីភ្នាក់ងារអាម៉េរិក និងមាស។ ការធ្លាក់ចុះមួយចំនួននៃតម្លៃនៃការកាន់កាប់របស់ប្រទេសចិន ក៏អាចឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរទីផ្សារផងដែរ។
គួរបញ្ជាក់ថា យក្សសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីន [ជប៉ុន] បន្តជាម្ចាស់បំណុលបរទេសធំជាងគេបំផុតរបស់មហាអំណាចសេដ្ឋកិច្ចលំដាប់ទី១ លើពិភពលោក(សហរដ្ឋអាម៉េរិក) ដោយកាន់កាប់មូលបត្របំណុលរហូតដល់១.១៣ទ្រីលានដុល្លារ៕