សម្តេចធិបតី៖ កម្ពុជាបានប្រែក្លាយពីសង្គមមួយមានសង្រ្គាម និងអសន្តិសុខ ទៅជាសង្គមមួយដែលកំពុងរីកចម្រើនគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា បានប្រែក្លាយពីសង្គមមួយដែលមានបញ្ហាច្រើន ជាពិសេសឆ្លងកាត់សង្រ្គាម និងអសន្តិសុខសង្គមពីមុន និងជាប្រទេសឯកោបំផុត ប៉ុន្តែពេលនេះកម្ពុជាបានក្លាយជាសង្គមមួយដែលកំពុងរីកចម្រើនគ្រប់វិស័យ និងបន្តឆ្ពោះទៅកាន់ភាពរុងរឿងកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែឧសភានេះ។
សម្ដេចធិបតីថ្លែងថា ផ្អែកលើវឌ្ឍនភាពសង្គមកម្ពុជាទាមទារឱ្យនគរបាលជាតិ ត្រូវពង្រឹងសមត្ថភាពជាប់ជាប្រចាំដើម្បីអភិវឌ្ឍខ្លួនឱ្យស្របទៅតាម បរិបទនៃការរីកចម្រើនរបស់សង្គមជាតិ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការប្រែប្រួល នៃការអភិវឌ្ឍប្រទេសជាតិ និងពិភពលោក គឺទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវត្រៀមខ្លួនជានិច្ច និងខិតខំរៀបចំលិខិតបទដ្ឋាន និងគោលនយោបាយនានា ដើម្បីទបស្កាត់បទល្មើសនានាទាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសនៅមូលដ្ឋាន ដូចជាករណីក្មេងទំនើងជាដើម៕

